ផែនការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ខណ្ឌព្រែកព្នៅ សម្រាប់អនុវត្តបន្តឆ្នាំ២០១៩-២០២១

0
1036

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌព្រែកព្នៅ បានរៀបចំសិក្ខាសិលា សមាហរណកម្មកម្មវិធីវិនិយោគ សង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខណ្ឌ ២០១៩-២០២១ ដើម្បីផ្សព្វផ្សាយពី គំរោងសកម្មភាព សម្រាប់សង្កាត់ ខណ្ឌ អនុវត្តបន្តនៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ។

ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅនិងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពី មន្រ្តីផែនការរាជធានីភ្នំពេញ ប្រធាននិងអនុប្រធានមន្ទីរ អង្គការនិងសប្បុរសជន ចៅសង្កាត់និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។

លោក សុខ សម្បត្តិ  បានថ្លែងឲ្យដឹងថា សិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណ្ឌ២០១៩-២០២១ នាពេលនេះ ជាការរួមចំណែកដ៏សំខាន់ ដើម្បីគាំទ្រនូវ គម្រោងសកម្មភាព ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកអភិបាលបានបន្តថា ការរៀបចំសិក្ខាសិលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគ ដើម្បីផ្សព្វផ្សាយពីគំរោងសកម្មភាព ក្នុងកម្មវិធីវិនយោគសង្កាត់ ខណ្ឌ២០១៨ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៩និងស្នើរសុំការគាំទ្រពីមន្ទីជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងស្នើឡើងរបស់ សង្កាត់ និងខណ្ឌ ទោះបីតិចក្តីច្រើនក្តី។

លោកបានបន្តទៀតថា លទ្ធផលនៃការអនុវត្តគម្រោង កម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌ ដែលបានគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០១៨ ទទួលបានការគាំទ្រចំនួន៩០គម្រោង សម្រេចបាន១០២% ក្នុងនោះមាន ផ្នែកសេដ្ឋកិច្ចមានចំនួន២១គម្រោងស្មើ១០៥%ផ្នែកសង្គមកិច្ចចំនួន៤៥គម្រោងស្មើ១០៥%ផ្នែកធនធានធម្មជាតិ បរិស្ថានចំនួន០៩គម្រោងស្មើ៩០% ផ្នែកសរដ្ឋបាល និងសន្តិសុខចំនួន១៥គម្រោងស្មើ១០០%។

លោកក៏បានបព្ជាក់ផងដែរថា សម្រាប់គម្រោងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌ២០១៩-២០២១ មានចំនួន២៤៦គម្រោង ស្មើនឹង១១០% ដែលកនុងនោះរួមមាន៖ ផ្នែកកសិកម្ម ចំនួន២៣គម្រោង ផ្នែកអាជីវកម្ម មានចំនួន៧គម្រោង ផ្នែកអប់រំ មានចំនួន១៥គម្រោង ផ្នែក សុខភាព មាន៥៥គម្រោង ផ្នែកភាពងាយរងគ្រោះ ៥គម្រោង បរិស្ថាន ៣១គម្រោង និងរដ្ឋបាល សន្តិសុខ មាន ១១០ គម្រោង អាទិភាពប្រចាំឆ្នាំ២០១៩។

ដោយឡែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានស្នើស្ថាប័ន និងអ្នកពាក់ព័ន្ធ ក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្របន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសបំពេញឱ្យបានល្អនូវតម្រូវការចាំបាចើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលរង បញ្ជាក់ថា ខណ្ឌ សង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារតែមានការ ចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញ អង្គការ ផ្នែកឯកជន និងដៃគូរអភិវឌ្ឍន៍នានា។ ជាមួយគ្នានោះ លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់អនុវត្តបន្ត ក្នុងគម្រោងផែនការខាងមុខ ដូចជា ស្នើឱ្យពិនិត្យលទ្ធភាព ទៅលើគម្រោងណា ដែលគួរគាំទ្រដល់ថ្នាក់ ខណ្ឌ និងសង្កាត់ ក្រៅពីនេះក៏ស្នើ ដល់គ្រប់វិស័យ ដែលបានសន្យា បន្តគាំទ្រគម្រោងនានា ដោយបញ្ចូលទៅក្នុងផែនការប្រ ចាំឆ្នាំ២០១៩ របស់ខ្លួន ហើយខិតខំអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅតាមផែនការគ្រោងទុក។ មួយវិញទៀត ស្នើឱ្យសង្កាត់ ខណ្ឌ ត្រួតពិនិត្យឱ្យបានល្អិតល្អន់រាល់គម្រោងដែលបានសន្យា បើធ្វើមិនបាន ត្រូវសួរនាំ ដើម្បីឱ្យដឹងពីមូលហេតុច្បាស់លាស់ និងរាយការមកថ្នាក់លើជាបន្តបន្ទាប់ ដើម្បីប្រមូលព័ត៌មាន សម្រាប់បញ្ជូន នឹងផ្តល់ព័ត៌មាន ទៅអភិបាលរាជធានីភ្នំពេញបានជ្រាបបន្ត៕

Facebook Comments
Loading...