ពុយ វណ្ណៈ និងវេង សុភ័ក្រ ជួបកីឡាករថៃ រីឯឡុង សំណាង ជួបកីឡាករអ៊ីរ៉ង
ភ្នំពេញ ៖ កីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឡើងជួបកីឡាករថៃTamruot Lek ខណៈកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសលវ័ន្តកីឡា ជួបកីឡាករអ៊ីរ៉ងAhmadi Faryad ចំណែកកីឡាករវេង សុភ័ក្រ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ៧ត្រយោង៩១១ ជួបកីឡាករថៃChao Boy នាថ្ងៃសៅរ៍ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ លើសង្វៀនស៊ីអិនស៊ី។
កីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃTamruot Lek ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។ រីឯកីឡាករពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃTamruot Lek ?។
កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង ត្រូវជួបជាមួយកីឡាករអ៊ីរ៉ងAhmadi Faryad ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចំណែកកីឡាករឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សំណាង ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបកីឡាករអ៊ីរ៉ងលើកនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡុង សំណាង ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករឡុង សំណាង អាចយកឈ្នះលើអ៊ីរ៉ងAhmadi Faryad បានដែរឫយ៉ាងណា?។
ដោយឡែកកីឡាករពូកែខាងប្រើកណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ផងដែរ ពេលជួបជាមួយកីឡាករជនជាតិថៃឈ្មោះ Chao Boy ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ដែរ ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង។
អ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ដូចជាកីឡាករជើងចាស់ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះគេមានកណ្តាប់ដៃធ្ងន់ និងរហ័ស ឯកម្លាំងស៊ុហ្វក៏រឹងមាំផងដែរ។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាករវេង សុភ័ក្រ ថាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និងកីឡាករជនជាតិថៃ Chao Boy នណាជាអ្នកឈ្នះ?៕