ប្រជាពលរដ្ឋដែលរស់នៅជិតរណ្ដៅដីលោកម៉ៅសុផលមានការភ័យខ្លាច ខណះរណ្ដៅមានជំរៅជ្រៅ…!

0
1330

កណ្តាល ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅជិតរណ្ដៅដីដ៏ធំមួយមានក្តីបារម្ភខ្លាំងខ្លាចបាក់ដីស្រែចូលទៅក្នុងរណ្តៅខណៈរណ្តៅដីដ៏ធំមួយនេះមានជម្រៅជ្រៅហើយកំពុងធ្វើអាជីវកម្មជីកទាំងយប់ទាំងថ្ងៃ។

អ្នកភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានដីស្រែនៅក្បែររណ្តៅដីរបស់ក្រុមហ៊ុនទឹកស្អាតសៀមរាប បានលើកឡើងថា រណ្តៅដីមួយនេះបានធ្វើអាជីវកម្មជីកកាយដី និងបូមខ្សាច់ លក់បួនប្រាំឆ្នាំមកហើយ ពោលគឺដំបូងជីកយកអាចម៍ដី រហូតដល់ខ្សាច់ ហើយក្រោយពីបូមខ្សាច់យកអស់ ឥឡូវដល់ស្រទាប់ថ្ម ជីកយកទាំងថ្ម ទៀត ដោយជ្រកក្រោមស្លាកអាជីវកម្មទឹកស្អាត និងមានទំហំធំ ហើយជម្រៅមិនក្រោមជាង៣០ម៉ែត្រនោះទេ។

ក្រុមប្រជាពលរដ្ឋដដែលបានលើកឡើងថា រណ្តៅដីនេះ ជីកនៅក្បែរស្រែរបស់ពួកគាត់ ធ្វើឱ្យស្រែរបស់ គាត់រីងទឹកដោយសារហូរច្រោះចូលទៅក្នុងរណ្តៅ និងបារម្ភខ្លាចមានការបាក់ដីស្រែរបស់ពួកគាត់ចូលទៅក្នុងរណ្តៅថែមទៀតផង។

មិនតែប៉ុណ្ណោះក្រុមតៃកុងរថយន្តទាំងនោះបើកបរលឿនៗ ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពណាស់ ព្រោះតែកន្លងមកធ្លាប់បានបង្កគ្រោះថ្នាក់ចរាចរណ៍ កិនក្មេងស្លាប់ម្តងរួចមកហើយ។

ប្រជាពលរដ្ឋក៏សូមសំណូមពរដល់លោកម៉ៅភិរុណអភិបាលខេត្តកណ្ដាលនឹងមន្ត្រីជំនាញជួយចុះមកត្រួតពិនិត្យផង កុំចេះតែបណ្តែតបណ្តោយយ៉ាងដូច្នេះពិសេសក្រសួងរ៉ែនឹងថាមពលមេត្តាជួយទប់ស្កាត់ផងទាន។

ប្រភពពីរមន្ត្រីសាលាស្រុកកណ្តាលស្ទឹងម្នាក់ ក្នុងល័ក្ខខណ្ឌសុំមិនឱ្យបញ្ចេញឈ្មោះបាន និយាយថា ក្រុមហ៊ុនខាងលើនេះ ជាកម្មសិទ្ធិរបស់លោក ម៉ៅ សុផល និងបានធ្វើអាជីកម្មជីក កាយដី បូមខ្សាច់ នៅរណ្តៅខាងនោះបួនប្រាំឆ្នាំមកហើយ ក្រោមលេសស្តារសម្រាប់ធ្វើអាងស្តុកទឹក ហើយរណ្តៅដីនោះគឺពិតជាធំនិងជ្រៅមែន។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ លោក យឹន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល បានមានប្រសាសន៍ថា នៅពេលនេះបានឱ្យក្រុមការងាររៀបចំកម្លាំងដើម្បីចុះទៅធ្វើការត្រួតពិនិត្យហើយនឹ ងចុះទៅនៅសប្តាហ៍ក្រោយនេះហើយ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...