ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នេះ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។
ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។ ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារលក្ខណៈរាំ និងក្បាច់មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។
ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថាជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរចេញពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។ ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះនឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។