ផ្សារថ្នល់ទទឹងអាជីវករនៅតែយកចំណីថ្នល់ធ្វើអាជីវកម្មលក់ដូរដដែល

0
1400

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ ចំណុចផ្សារថ្នល់ទទឹងបត់ចូលមកផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ តែងតែមានការ ភ័យ ព្រួយ ពីសុវត្ថិភាពចរាចរណ៍ ដោយសារក្រុមអាជីវករជាង១០គ្រួសារ បាននាំគ្នារំលោភយកចំណីថ្នល់លក់ដូរផ្លែឈើ យ៉ាងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ បង្ករការកកស្ទះចរាចរណ៍ ជាញឹកញាប់ ពួកគាត់ថាបើមិនលក់ដូច្នេះ គឺលក់មិនដាច់ ព្រោះបើលក់ចូលក្នុងភ្ញៀវមើលមិនឃើញ ។ ខាងអាជ្ញាធរឃុំថា មានករណីនេះមែន ហើយកម្លាំងនឹងចុះរៀបចំបង្កើតសណ្តាប់ធ្នាប់ឡើងវិញ ។

ក្រុមអាជីវករជាង១០គ្រួសារ ដែលកំពុងលក់ដូរលើចំណីថ្នល់ចំណុចខាងលើ បានអះអាងទាំងមិនខ្មាសអៀនថា បើពួកគាត់មិនលក់ផ្លែឈើ លើចំណីថ្នល់ទេ គឺលក់មិនដាច់ ព្រោះបើលក់ចូលក្នុងមុខផ្ទះ ភ្ញៀវមើលមិនឃើញ ម្លោះហើយចេះតែនាំគ្នាលក់ទៅ ពេលណារដ្ឋអំណាចដេញ ពួកគាត់នាំគ្នាដាក់លក់ចូលក្នុងទៅ ពេលណាស្ងាត់គាត់នាំគ្នាលក់លើចំណីថ្នល់វិញដដែល ។

បងប្អូនប្រជាពលរដ្ឋជាតិ អន្តរជាតិ ពេលធ្វើដំណើរមកដល់ចំណុចនេះ តែងតែមានការប្រុងប្រយ័ត្ន ព្រោះផ្លូវត្រូវរួញតូចចង្អៀត ដោយសារក្រុមអាជីវករមួយក្រុមតូចនេះជាអ្នកបង្ករកេងយកចំណីផ្លូវធ្វើអាជីវកម្មយ៉ាងងងើល ដែលមានលក្ខណៈជាប្រពៃណីទៅហើយ ។ បងប្អូនប្រជាពលរដ្ឋគាត់ថា បញ្ហានេះខាងសមត្ថកិច្ចដូចជាមានការចន្លោះប្រហោងក្នុងការរៀបចំសណ្តាប់ធ្នាប់ បើប្រៀបធៀបទៅខេត្តកំពង់ចាមចាញ់ខេត្តកំពង់ចាមហើយខេត្តត្បូងឃ្មុំនោះ ។

លោក ឡាយ ផល្លា មេឃុំជប់ក៏បានបញ្ជាក់ដែរថា ការលក់ដូរនៅចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹងបែកឆ្ពោះទៅកាន់ផ្លូវជាតិលេខ១១នោះ ពិតជាមានករណី ក្រុមអាជីវករលក់ដូរផ្លែឈើ ប្រមាណជាង១០គ្រួសារ កំពុងរំលោភយកចំណីថ្នល់លក់ដូរ យ៉ាងអនាធិបតេយ្យមែន កន្លងមកកម្លាំងប៉ូលីសប៉ុស្តិ៍តែងចុះពន្យល់ណែនាំពួកគាត់ ហើយបានរៀបចំសណ្តាប់ធ្នាប់ជា ញឹកញាប់ដែរ តែពួកគាត់ធ្វើបានតែមួយដង្ហើមចង្រិត ពេលកម្លាំងចេញ គាត់នាំគ្នាលក់កន្លែងដើមវិញដដែល ប្រៀបដូចវែកចកអីចឹង ករណីនេះ ឃុំនឹងព្យាយាមបន្តពន្យល់ពួកគាត់ឲ្យយល់ពីផលប៉ះពាល់ ដើម្បីឈានទៅរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅម៉ោងជិត១០ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ យើងបានសុំការបំភ្លឺទៅលោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំតាមទូរស័ព្ទជាច្រើនដង តែលោកជាប់រវល់មិនព្រមលើកទូរស័ព្ទដើម្បីសុំបរិយាយរឿងនេះទេ ៕

Facebook Comments
Loading...