បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទទៀតហើយនៅក្រុងព្រះសីហនុ

0
1156

(ព្រះសីហនុ)៖ ទីតាំងម៉ាស្សាឈ្មោះ «ប៉ាយជីងហាន់កុង» ដែលបង្កប់សេវាកម្មបម្រើផ្លូវភេទ នៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បង្ក្រាបបាននៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនបានជនជាតិចិន ប្រុសស្រី២៩នាក់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ និងក្រោមការសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បានធ្វើការចុះទៅឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ «ប៉ាយជីងហាន់កុង» ហើយកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២៩នាក់ ក្នុងនោះស្រី១៤នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេត និងសួរបំភ្លឺឃើញថា ស្ដ្រីទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។

បើតាមលោកស្នងការ ក្នុងពេលប្រតិបត្តិការបង្ក្រាបនេះ មានភ្ញៀវដែលមករកសេវាកម្មសច្ចារកម្ម មានចំនួន០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធប្រព្រឹត្តិសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់) មានចំនួន០៧នាក់៖ ទី១៖ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ៤១ឆ្នាំ ថៅកែ, ទី២៖ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកគិតលុយ, ទី៣៖ឈ្មោះ XU FEI ភេទប្រុស អាយុ២៩ឆ្នាំ អ្នកគ្រប់គ្រងនារីនៅជាន់លើ, ទី៤៖ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកបើកឡានជូនភ្ញៀវ, ទី៥៖ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទិញឥវ៉ាន់, ទី៦៖ឈ្មោះ ZHANG BING ភេទប្រុស អាយុ២៧ឆ្នាំ អ្នកចែកខិតប័ណ្ណ និងទី៧៖ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកចែកខិតប័ណ្ណ។

ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង៧នាក់នោះ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

Facebook Comments
Loading...