សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋ និងអ្នកនយោបាយខ្មែរ កុំលាបពណ៌ដាក់គ្នាក្រោយថ្ងៃបោះឆ្នោត រវាងអ្នកទៅបោះឆ្នោត និងអ្នកមិនទៅបោះឆ្នោត

0
2266

ភ្នំពេញ៖ សម្ដេច ស ខេង បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែ សីហា នេះថា ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅនេះ បានបង្ហាញដល់ពិភពលោកឲ្យឃើញ ពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរច្រើនកុះករ កងកម្លាំង ប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង គណបក្ស នយោបាយទាំងអស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឲ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌” ។

សម្ដេចបានសរសេរបន្ថែមថា “ការចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋច្រើនជាង៨២ភារយ នៃអ្នកមានឈ្មោះបោះឆ្នោត នាពេលកន្លងទៅនេះក៏បានបង្ហាញ ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរ បានយល់ដឹងច្បាស់ និងបានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្ត ដោយសេរី គ្មានការគៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ” ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសរសេរបញ្ជាក់ថា” ក្នុងបរិបទនេះដើម្បីបន្ត និង ពង្រឹង ដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ការ បង្រួបបង្រួម និង ឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់ គណបក្សនយោបាយ មេត្តាកុំធ្វើការ ចោទប្រកាន់ ឬ លាបពណ៌ គ្នាទៅវិញទៅមក រវាងអ្នក បានទៅបោះឆ្នោត និង អ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគជ័យ នេះគឺជា ជោគជ័យរបស់ជាតិខ្មែរទាំងមូល”៕

Facebook Comments
Loading...