សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីសង្កេតការណ៍បោះឆ្នោតមកពីអ៊ឺរុប

0
1511

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Anton Caragea ប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអ៊ឺរុប ។

លោក Anton Caragea បានវាយតម្លៃខ្ពស់ចំពោះដំណើការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៍។ លោក Anton បានផ្តល់របាយការណ៍លំអិតចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានកោតសរសើរចំពោះដំណើរការលទ្ឋិប្រជាធិបតេយ្យដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមរយៈនៃការបោះឆ្នោតនេះតែម្តង ដែលមានប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតជាង ៨០% ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ពលរដ្ឋពិតៗ។ លោក Anton បានសំដែងនូវការរីករាយអបអរសាទរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរៀបចំការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដែលឆ្លុះបញ្ចាំងអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតៗដោយគ្មានអំពើហិង្សា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោក Anton និងក្រុមការងារ សង្កេតការណ៍លោកទាំងអស់ដែលបានរាយការណ៍ពិតអំពីស្ថានភាពបោះឆ្នោតពិតប្រាកដនៅកម្ពុជា។ សម្ដេចតេជោ ក៏បានជម្រាបជូន លោក Anton Caragea ផងដែរថា តាមរដ្ឋធម្មនុញ្ញប្រទេស គឺកម្ពុជាត្រូវរៀបចំការបោះឆ្នោតតាមបែបលិទ្ធិប្រជាធិបតេយ្យ៥ឆ្នាំម្តងៗ គឺនៅថ្ងៃអាទិត្យសប្ដាហ៍ទី៤ នៃខែកក្កដា ដែលគ្រប់គណបក្សនយោបាយទាំងអស់បានដឹងគ្រប់ៗគ្នាអំពីដំណើរការនេះ ដើម្បីពួកគេមានឱកាស ចូលរួមប្រកួតប្រជែងគ្រប់ៗគ្នាដោយគ្មានការរើសអើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរ សិទ្ឋិអំណាចនាយករដ្ឋមន្រ្តីខ្មែរ គឺមិនមានសិទ្ឋិរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោតមុនពេលកំណត់ មិនដូចប្រទេសមួយចំនួនទេ។ អ្វីៗគឺត្រូវធ្វើតាមការកំណត់ដោយច្បាប់ប្រទេសដែលអនុវត្តតាមលិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៕

Facebook Comments
Loading...