ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែកក្កដានេះ បានស្នើឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់បើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឲ្យបានមុនថ្ងៃទី២៧ ខែកក្កដា ដើម្បីសម្រួលដល់ការទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលបានទាន់ពេលវេលាទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិតទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០% មុនថ្ងៃទី២៧ ខែកក្កដា ។
លោក កាំង ម៉ូនីកា អគ្គលេខារងសមាគមរោងចក្រកាត់ដេរបញ្ជាក់ថា លោកនឹងបញ្ចូនសំណើរនេះទៅគ្រប់រោងចក្រទាំងអស់ ។ តំណាងរោងចក្រខ្លះបាននិយាយថា ពួកគេនឹងគោរពតាមសេចក្ដីជូនដំណឹងនេះ ប៉ុន្ដែទន្ទឹមនឹងនេះយើងក៏អាចនឹងមានបញ្ហាប្រឈមខ្លះដែរ ហើយយើងនឹង ប្រញាប់ដោះស្រាយវាឲ្យបានទាន់ពេលវេលា ។
កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅរោងចក្រអនុញ្ញាតិឲ្យកម្មករឈប់ ចំនួន៣ថ្ងៃ ដោយមានប្រាក់កម្រៃពេញ ដើម្បីបងបង្អូនមានពេលវេលាទៅបោះឆ្នោត ហើយដែលសំណើនេះត្រូវបានលើកឡើងដោយ គ.ជ.ប ផងដែរ ។ កាលពីខែមុនសម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាទៅក្រសួងអប់រំយុវជន និងកីឡា ដោយស្នើឲ្យ គ្រប់សាកលវិទ្យាល័យទាំងអស់អនុញ្ញាតិឲ្យនិស្សិតឈប់សម្រាប់បាន ៣ថ្ងៃ ដើម្បីពួកគេមានពេលវេលាទៅបោះឆ្នោត ។
ជាការឆ្លើយតប ក្រសួងអប់រំបានអនុញ្ញាតិឲ្យនិស្សិតឈប់សម្រាកពីថ្ងៃទី២៨-៣០ ខែកក្កដា ៕