អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោកដល់មន្ត្រី-បុគ្គលិកចំនួន១០០នាក់

0
866

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នាសាលសន្និសីទ អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២-៦ ខែកក្កដា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមនិងឱ្យមន្ត្រីបុគ្គលិកពាក់ព័ន្ធយល់ដឹងកាន់តែស៊ីជម្រៅអំពីការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។​

វាគ្មិននៃវគ្គបណ្តុះបណ្តាលខាងលើមានលោកបណ្ឌិតអ៊ា ដារឹទ្ធ លោក អ៉ឹម សុខរិទ្ធី អនុប្រធានមជ្ឍមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានធ្វើបទបង្ហាញដល់សិក្ខាកាមនូវអារ្យធម៌បុរេប្រវត្តិសាស្រ្ត ប្រវត្តិសាស្រ្តពិភពលោកទូទៅ និងសង្ខេបប្រវត្តិសាស្រ្តខ្មែរ តាំងពីសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរ សម័យអង្គរ ដែលជាអតីតរាជធានី និងជាអាណាចក្រខ្មែរ នាសម័យអង្គរ។

វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើប្រវត្តិសាស្រ្ត អារ្យធម៌ និងបេតិកភណ្ឌ។ លើសពីនេះគឺគោលការណ៍អភិរក្សតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក បង្ហាញដល់សិក្ខាកាមផងដែរ មុននឹងលើកឡើងអំពីអាជ្ញាធរជាតិអប្សរា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ទាក់ទងអំពីការគ្រប់គ្រងមន្ត្រី-បុគ្គលិក។

ម្យ៉ាងទៀតខិតខំធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធផ្លូវទឹកបុរាណក្នុងឧទ្យានអង្គរ ការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ការគ្រប់គ្រងសំណង់លំនៅដ្ឋានខ្មែរក្នុងតំបន់អង្គរ និងគ្រប់គ្រងលំនៅដ្ឋានខ្មែរ ដែលជាកិច្ចការដ៏មានសារៈសំខាន់ រួមនិងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌក្រុងសៀមរាប អង្គរ និងការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់អង្គរ។

គួរបញ្ជាក់ថា សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តានេះ គឺជាមន្រ្តី បុគ្គលិកមកពីនាយកដ្ឋានផ្សេងៗរួមមាននាយកដ្ឋានផ្សព្វផ្សាយ៦នាក់ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ ៧នាក់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ១២នាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ៥នាក់ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ ១០នាក់ មជ្ឍមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ៥នាក់ លេខាធិការដ្ឋានសហគមន៍ ៥នាក់ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ២នាក់ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ៣នាក់ នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្នុងក្រុងតំបន់សៀមរាប៣នាក់ នាយកដ្ឋានគណៈកម្មការអន្តរក្រសួងបន្តដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ ទេសចរណ៍២នាក់ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ៣នាក់ នាយកដ្ឋានរៀបចំដែនដី និគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ១០នាក់ នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍៤នាក់ នាយកដ្ឋានគ្រប់គ្រង់ទឹក៥នាក់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ៥នាក់ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ៦នាក់ នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារះ៣នាក់ អង្គភាពគ្រប់គ្រង់បរិស្ថាន “EMS”២នាក់ និងក្រុមការងារអធិការកិច្ច២នាក់ សរុបចំនួន១០០នាក់៕

Facebook Comments
Loading...