សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ

0
1352

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។

ស្ពានអាកាសទី៥ក្នុងទីក្រុងភ្នំពេញនេះ បានចំណាយថវិកាសាងសង់សរុបប្រមាណ ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។ ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។

ស្ពានអាកាសដ៏ថ្មីស្រឡាងនេះ នឹងរួមចំណែកជួយបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសជួយសម្រួលដល់អ្នកដំណើរទៅ-មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យបានកាន់តែងាយស្រួល ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

Facebook Comments
Loading...