មន្ត្រីជនខ្ពស់ក្រសួងរៀបចំ ដែនដីនគរូបនីយ៍កម្ម និងសំណង់ បានផ្សព្វផ្សាយគម្រោងគាំទ្របច្ចេកទេសសិក្សាផែនការប្រើប្រាស់ដីធ្លី

0
907

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បានបើកវគ្គសិក្ខាសាលាស្ដីពី (ការផ្សព្វផ្សាយគម្រោងគាំទ្របច្ចេកទេសសិក្សាផែនការប្រើប្រាស់ដីធ្លីឃុំល្ងៀង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ) ក្រោមអធិបតីភាពឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពី ប្រធាន/អនុប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជិត១០០នាក់ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ខេត្តត្បូងឃ្មុំ ជាខេត្តថ្មីពិតមែន តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះ ខេត្តត្បូងឃ្មុំ មានក្រុង/ស្រុកចំនួន៧ មានឃុំចំនួន៦២ សង្កាត់ចំនួន២ ស្មើនឹង៨៦៥ភូមិ មានប្រជាពលរដ្ឋសរុបចំនួន១៧៩.៨៣៣គ្រួសារស្មើនឹង ៨២០.០០០នាក់ ដែលមានផ្ទៃដីសរុបចំនួន ៥២៥០.៥១គីឡូម៉ែត្រក្រឡា។ ឯកឧត្តម បន្តទៀតថា៖ ដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងដោយផ្អែកលើមូលដ្ឋាន នៃអំណោយផលសក្ដានុពល ភូមិសាស្រ្ត សោភ័ណភាព បរិស្ថាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្រ្ត ដ៏យូរលង់ល្បីល្បាញរបស់ខេត្ត ក៏ដូចជាបរិបទនៃសម័យកាលទំនើបបច្ចុប្បន្នការរៀបចំបង្កើតទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានកំណត់ក្នុងចក្ខុវិស័យ និងគោលដៅ យូអង្វែង ដែលនឹងត្រូវបានរៀបចំជា ០៤មជ្ឍមណ្ឌល់រួមមាន ៖ ១.មជ្ឍមណ្ឌលតំបន់រដ្ឋបាលប្រមូលផ្ដុំរបស់ខេត្ត ២.មជ្ឍមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៣.មជ្ឍមណ្ឌលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ៤.មជ្ឍមណ្ឌល់ អប់រំ និងបណ្ដុះបណ្ដាល ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ទប់ស្កាត់រាល់សំណង់គ្រប់ប្រភេទដែលមិនគោរពតាមនគរូបនីយកម្មផងដែរ ។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញសក្ដានុពលអំណោយផលនៃភូមិសាស្រ្ត សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌ ក្រសួង និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានជ្រើសរើសយកឃុំល្ងៀង ឃុំស្រឡប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីគាំទ្របច្ចេកទេសសិក្សាផែនការប្រើប្រាស់ដី ចំទិសដៅ និងរក្សាបាននូវគុណភាពដី និងគាំទ្រកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពនិងសមធម៌ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍ មានការអភិរក្ស មានសោភ័ណភាព និងរួមចំណែកក្នុងការកំណត់និងគ្រប់គ្រងនីតិរដ្ឋក្នុងឃុំឲ្យបានល្អប្រសើរ។

ឯកឧត្តម បានឲ្យដឹងថា បន្ទាប់ពីសិក្ខាសាលានេះ ក្រុមការងារគាំទ្របច្ចេកទេស នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ នឹងចុះប្រមូលទិន្នន័យរូបវន្ត និងទិន្នន័យ -ព័ត៌មានមានស្រាប់ពីមន្ទីរ/អង្គភាពពាក់ព័ន្ធមានជាអាទិ៍ ៖ ទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វប្បធម៌ ការប្រើប្រាសដីប្រជាសាស្រ្ត ធារាសាស្រ្ត គម្រោងអភិវឌ្ឍនានា ដែលទិន្នន័យទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាវិភាគស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន ក្នុងគោលដៅរៀបចំផែនការប្រើប្រាស់ដីនាពេលអនាគត់ផងដែរ ៕

Facebook Comments
Loading...