អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការយ៉ាងតឹងរឹងចំពោះការបង្ហោះDrone នៅក្នុងតំបន់រមណីយដ្ឋានអង្គរវត្ត

0
1064

ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

 

ការរៀបចំកិច្ចប្រជុំនេះឡើង ស្របពេលដែលការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈសេចក្តីជូនដំណឹងលេខ៦៧៧/១៦រប.សជណ ហើយក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក្តី។ ការរៀបចំកិច្ចប្រជុំនេះ គឺក្នុងគោលដៅពិភាក្សា រកវិធីសាស្ត្រផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់Drone និងរិះរកវិធានការពិន័យតឹងរឹងបន្ថែមទៀត។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំណើននៃDroneក្នុងតំបន់អង្គរនេះ វាជាហានិភ័យដល់ប្រាង្គប្រាសាទនានា បង្កការរំខាន និងអាចប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ និងភ្ញៀវទេសចរថែមទៀត។ ម្យ៉ាងវិញទៀត Drone ជាបច្ចេកវិជ្ជាដ៏ទំនើប ដែលអាចបង្កភាពងាយស្រួល ដល់ក្រុមភេរវកម្មក្នុងការបំផ្លាញដល់រមណីដ្ឋានបេតិកភណ្ឌពិភពលោកផងដែរ។

លោក ក្រូច វ៉ាន់ឌី អនុប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ជាគោលការណ៍ កន្លងមក លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់មិនឲ្យមានប្រើប្រាស់Droneជាលក្ខណៈបុគ្គលឡើយ។ អាចអនុញ្ញាតបានតែក្នុងករណីក្រុមហ៊ុនមានចុះបញ្ជីត្រឹមត្រូវ និងអាចអនុញ្ញាតឲ្យបង្ហោះក្នុងរយៈចម្ងាយ១៥០គម ពីតំបន់ហាមឃាត់ និងមិនឲ្យហួសពីកម្ពស់១៥០ម៉ែត្រពីដី។

ជាលទ្ធផល កិច្ចប្រជុំនេះបានព្រមព្រៀងគ្នាដើម្បីបង្កើតក្រុមការងារចម្រុះមួយដែលនឹងពិភាក្សាទៅលើអង្គច្បាប់ ដើម្បីចាត់វិធានការតឹងរឹងបន្ថែមទៀត។ ចំណែកវិធានការជាបណ្តោះអាសន្ន គឺត្រូវចាប់Droneរក្សាទុកមួយរយៈជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់បំពេញបែបបទស្នើសុំតាមក្រោយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរានិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងរៀបចំការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត នូវបម្រាមប្រើប្រាស់Droneក្នុងតំបន់អង្គរ ដូចជា ការបោះពុម្ពផ្ទាំងប៉ាណូធំៗ ការដាក់សញ្ញាហាមឃាត់នៅលើបណ្ណទស្សនា និងការផ្សព្វផ្សាយនៅលើគេហទំព័រទេសចរណ៍ជាដើម៕

 

 

 

 

 

Facebook Comments
Loading...