សត្វត្មាតភ្លើងដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន០៣សំបុក ត្រូវបានក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការWCS និងសហគមន៍ រកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប ខណៈសត្វត្មាត ភ្លើងតិចជាង៥០ក្បាលប៉ុណ្ណោះមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ការរកឃើញសំបុកនេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដើម្បីអភិរក្សប្រភេទ នេះកុំឲ្យបាត់បង់នៅពេលខាងមុខដ៏ខ្លី។
ចំនួនសត្វត្មាតនៅលើសកលលោក មានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ។ សត្វត្មាតកម្ពុជាមានចំនួន៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតទាំង៣ប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតលើសកលលោក។
នៅក្នុងប្រទេសកម្ពុជា សត្វត្មាតទាំង៣ប្រភេទនេះមានចំនួន ២០០-៣០០ក្បាលប៉ុណ្ណោះដែលជាចំនួនច្រើនគេបង្អស់នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។
ដែលជាផ្នែកមួយនៃកម្មវិធីការពារសំបុកសត្វស្លាប អង្គការWCS បានជួល សមាជិកសហគមន៍ចំនួន០៦នាក់ ឲ្យការពារសំបុកសត្វត្មាតទាំង៣នេះ។ ពួកគាត់ទទួលបានប្រាក់កម្រៃពីការងារនេះ រហូតដល់ពងសត្វត្មាតញាស់ ហើយកូនអាចហើរចេញពីសំបុក ជំនួសឲ្យការប្រមូលយកពងកូនសត្វស្លាប ទៅលក់។
លោក ស៊ឹង សាំង អ្នកយាមសំបុកត្មាតភ្លើង បាននិយាយថា៖ “ខ្ញុំពេញចិត្ត នឹងការងារយាមសំបុកសត្វត្មាតនេះណាស់ ពីព្រោះវាជួយឲ្យខ្ញុំអាចរកប្រាក់ ចំណូលដើម្បីជួយគ្រួសារ និងអាចថែរក្សាសត្វត្មាតដែលកាន់តែកម្រ នាពេលបច្ចុប្បន្ន។ ខ្ញុំបានចំណាយពេលយាមសំបុកវាជាប្រចាំដើម្បីការពារ ពីហានិភ័យនានា និងប្តេជ្ញាចិត្តថែរក្សាពួកវាឲ្យបានសម្រាប់ក្មេង ជំនាន់ក្រោយ។”
ការកើនឡើងនៃការបាត់បង់ព្រៃឈើ និងការផ្លាស់ប្តូរដីព្រៃតាមរយៈ ដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការដីព្រៃ បានជះឥទ្ធិពលដល់ការ បាត់បង់ទីជម្រកពងកូន និងកាត់បន្ថយប្រភេទសត្វជាចំណីរបស់ហ្វូង ត្មាតផងដែរ។ សត្វត្មាតយ៉ាងតិចចំនួន៣០ក្បាលនៅក្នុង ប្រទេសកម្ពុជា ត្រូវបានគេសម្លាប់នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារការ ប្រើប្រាស់ថ្នាំពុលដាក់តាមត្រពាំងក្នុងព្រៃដើម្បីចាប់សត្វស្លាប និងថនិកសត្វ មាឌតូច។ បញ្ហានេះបង្កធ្ងន់ធ្ងរដល់ចំនួន សត្វត្មាតនៅកម្ពុជា។
លោក តាន់ សុផាន់ មន្ត្រីសម្របសម្រួលគម្រោងអភិរក្សសត្វត្មាត របស់អង្គការWCS ប្រចាំដែនជម្រកសត្វព្រៃឆែប បាននិយាយថា៖ “ត្មាតភ្លើងគឺជាប្រភេទដ៏កម្របំផុតនៅកម្ពុជា ហើយចំនួនរបស់ពួកវាមាន តិចតួចណាស់នាពេលបច្ចុប្បន្ននេះ និងប្រឈមខ្ពស់នឹងការផុតពូជនៅ ពេលខាងមុខដ៏ខ្លី។ ក្រៅពីកម្មវិធីការពារសំបុក យើងក៏បានរៀបចំជាអាហារ ដ្ឋានត្មាតដើម្បីផ្តល់ចំណីឲ្យពួកវាជារៀងរាល់ខែ។”
អាហារដ្ឋានត្មាត គឺជាទីកន្លែងត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណីបន្ថែម ដល់ហ្វូងសត្វត្មាតនៅកម្ពុជា។ អាហារដ្ឋាននេះ គឺជាកិច្ចសហការរួមគ្នា រវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអង្គការ អភិរក្សជាច្រើន ហើយបានចូលរួមលើកកម្ពស់ការយល់ដឹងអំពី សារៈសំខាន់នៃតំបន់នេះសម្រាប់ការថែរក្សាតំបន់ការពារនេះ និងសុខភាពមនុស្ស។
លោក សុផាន់ បានបន្តថា៖ “ភ្ញៀវទេសចរដែលមកកាន់អាហារដ្ឋានត្មាត រៀបចំដោយមជ្ឈមណ្ឌលសំ វាសនា សុទ្ធតែបានរួមចំណែកអភិរក្សហ្វូង សត្វត្មាតកុំឲ្យបាត់បង់ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាសហគមន៍។”
សកម្មភាពអភិរក្សសត្វត្មាតនៅដែនជម្រកសត្វព្រៃឆែបទទួលបានការគាំទ្រពី AFD, មជ្ឈមណ្ឌលសំវាសនា និងសហភាពអឺរ៉ុប។