ខេត្តព្រះវិហារ (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧) – ក្រុមអ្នកស្រាវជ្រាវមកពី ក្រសួងបរិស្ថាន អង្គការWCS និងប្រជាសហគមន៍ បានរួមគ្នាសិក្សា ស្រាវជ្រាវពពួកថនិកសត្វមានមាឌតូច និងមធ្យមដែលកំពុងរស់នៅក្នុង តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារដោយការបំពាក់ម៉ាស៊ីន ថតរូបស្វ័យប្រវត្តិនៅទីតាំងសំខាន់ៗ។
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មាននៅសេសសល់ទីជម្រកប្រភេទ ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងនៃតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា និងមានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្សប្រភេទ សត្វព្រៃសំខាន់ៗ ព្រមទាំងផ្តល់សេវាកម្មអេកូឡូស៊ីផងដែរ។ សត្វព្រៃ ជាច្រើនប្រភេទដូចជា ទោចម្កុដ ខ្លាឃ្មុំ និងស្វាព្រាម ក៏មានវត្តមានរស់នៅ ក្នុងព្រៃតំបន់នេះផងដែរ។ ព្រៃឈើនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក៏ជួយផ្គត់ផ្គង់ទឹកសាបដល់ប្រជាសហគមន៍រស់នៅជុំវិញ និងការពារកុំឲ្យ មានការហូរច្រោះដីពីតំបន់ខ្ពស់។ ប៉ុន្តែសកម្មភាពបរបាញ់ និងការ កាប់ឈើខុសច្បាប់ដែលនៅតែបន្តកើតមាន កំពុងគំរាមកំហែងដល់ធនធាន ព្រៃឈើ និងជីវចម្រុះនៅតំបន់នេះ។
លោក ម៉ៅ ឃៀន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវសត្វព្រៃប្រចាំ តំបន់ខ្ពង់រាបភាពភាគខាងជើងរបស់អង្គការWCS បាននិយាយថា៖ “ដោយមានកិច្ចសហការយ៉ាងល្អពីអ្នកពាក់ព័ន្ធ យើងបានបញ្ចប់ការ បំពាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងក្នុងរយៈពេល៤ថ្ងៃ។ យើងបានបែងចែកគ្នាជា០៣ក្រុម និងធ្វើដំណើរទៅកាន់ទីតាំង ដែលបានកំណត់ដើម្បីដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិចំនួន២៤គ្រឿង ដើម្បីសិក្សាស្វែងយល់អំពីប្រភេទសត្វព្រៃសំខាន់ៗដែលកំពុងរស់នៅតំបន់ភ្នំត្បែងនេះ។”
លោក ម៉ៅ ឃៀន បានបន្តថា៖ “នៅកំឡុងពេលស្រាវជ្រាវនេះ យើងអង្កេត ឃើញថាតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ព្រមទាំងមានទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងដែលអាចសក្តានុពល សម្រាប់ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ធម្មជាតិនាពេលអនាគត។ លទ្ធផលដែលនឹងទទួលបានពីការសិក្សាស្រាវជ្រាវនេះ មានសារៈសំខាន់ ខ្លាំងណាស់សម្រាប់ក្រុមអ្នកអភិរក្សដើម្បីរៀបចំផែនការគ្រប់គ្រង និងអភិរក្សសត្វព្រៃសំខាន់ៗទាំងអស់នោះឲ្យនៅគង់វង្ស។”
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង គ្របដណ្តប់លើទំហំផ្ទៃដីប្រមាណ ២៥២៦៩ហិកតា និងមានកម្ពស់រហូតដល់៤០០មែត្រ។ ភ្នំត្បែងនេះ ដែលត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងឆ្នាំ២០១៦ គឺជាផ្នែកដ៏សំខាន់នៃអាងស្តុកទឹកផ្នែកខាងលើស្ទឹងសែនដែលជាដៃ របស់បឹងទន្លេសាប។