មណ្ឌលគិរី ៖ មន្រ្តីជំនាញសាខា ខេត្តមណ្ឌលគិរី (ក.ប.ប)បានណែនាំអាជីវករដែលលក់បន្លែ ផ្លែឈើ និងផលិតផលសម្រេច ឱ្យប្រាប់ពីប្រភពពិតប្រាកដ ដល់អ្នកទិញ ចៀសវាងការក្លែងបន្លំ ប្រភព ជាពិសេសគឺការយកឈ្មោះ “ មណ្ឌលគិរី “ មកប្រើប្រាស់ ដែលអាចជាការ នាំឱ្យខូចឈ្មោះដល់ផលិតផលជាទូទៅក្នុងខេត្ត។
ការណែនាំបែបនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោក ណាល់ វិចិត្រ ប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខា ខេត្តមណ្ឌលគិរី (ក.ប.ប)បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ទំនិញវេចខ្ចប់ គ្រឿងកំប៉ុង ម៉ាស់ អាល់កុល ជែលលាងដៃសម្លាប់មេរោគ និងស្រាវជ្រាវផលិតផលបារីម៉ាក Jet ក្នុងផ្សារសែនមនោរម្យ តាមម៉ាត ហាងលក់ទំនិញ និងឱសថស្ថាន ជុំវិញផ្សារសែនមនោរម្យ ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ក្នុងនោះផងដែរលោក ណាល់ វិចិត្រ ក៏បានសូមឱ្យអាជីវករទាំងអស់ត្រូវរក្សាទុកទំនិញឱ្យមានសណ្តាប់ធ្នាប់ល្អ និងពិនិត្យមើលកាលបរិច្ឆេទ មុននឹងទិញទំនិញមកលក់បន្ត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផល ទំនិញ ម្ហូបអាហាររបស់ខ្លួន និងជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ និងលាងដៃ ឱ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។
លោក ណាល់ វិចិត្រ បានឱ្យដឹងទៀតថា ការចុះពិនិត្យមុខទំនិញ និងចំណីអាហារនាពេលនេះ ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ឯការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នក ប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចម្បងនៃភាពរស់រាននៃជីវិត។
មន្រ្តីជំនាញបញ្ជាក់ថា ការចុះពិនិត្យទំនិញ និងបន្លែ ផ្លែឈើជាច្រើនមុខនេះ ជាលទ្ធផល គឺក្រុមការងារបានសង្កេតឃើញថា តម្លៃម៉ាស់ ជែល និងអាល់កុល លក់មានការឡើងថ្លៃបន្តិចបន្តួច ក្នុងអំឡុងពេលដែលត្រូវធ្វើចត្តាឡីស័ក តែពេលនេះ ត្រឡប់មកសភាពដូចធម្មតាវិញហើយ។ ដោយឡែក បារីម៉ាក Jet មិនមានចរាចរលក់ក្នុងខេត្តមណ្ឌលគិរី នេះឡើយ៕