ដៀល “ផឹកស៊ីអន់ណាស់ ប្រពន្ធហៅ” ខឹងចិត្តហៅបក្សពួកមកវាយបែកមាត់

0
2071

ភ្នំពេញ ៖ ដោយសារតែខឹងចិត្តនឹងមិត្តភក្តិ ដេញឱ្យត្រឡប់ទៅផ្ទះវិញ និងថែមទាំងដៀលថា ផឹកស៊ីអន់ណាស់ ឱ្យប្រពន្ធតាមហៅ ជាហេតុធ្វើឱ្យបុរសនោះច្រឡោតខឹង ក៏ទៅហៅបក្ខពួក មកព្រួតគ្នាវាយទៅលើបុរសដែលចូលចិត្តដៀលគេបណ្តាលឱ្យបែកមាត់ ហូរឈាមពេញខ្លួន។ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចតូបប៉ះកង់ និងលក់ភេសជ្ជៈមួយកន្លែង នៅចំណុចខាងមុខផ្សារទំនើប AEON II តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលផឹកស៊ីស្រវឹងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើរួមមាន ទី១-ឈ្មោះសាន រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅកន្លែងកើតហេតុ ជាភាគីខាងម្ចាស់តូបកើតហេតុខាងលើ។ ចំណែកភាគីម្ខាងទៀត ទី១-ឈ្មោះចិន ជើយ អាយុ៣៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុបប្រចាំនៅកន្លែងកើតហេតុ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងទី២-មិនស្គាល់ឈ្មោះ។ ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតម៉ូតូចំនួន៣គ្រឿង ១គ្រឿងម៉ាក សង់កូរ៉េ និង២គ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ព្រមទាំង ពូថៅមួយទៀតផង។

តាមសម្តីភាគីបុរសឈ្មោះសាន រី បានរៀបរាប់ទាំងស្ថានភាព ស្រវឹងមិនទាន់បាត់នៅឡើយថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ គាត់ រួមនឹងអ្នកលក់ដូរតាមរទេះ៣-៤នាក់ទៀត បាននាំគ្នាអង្គុយផឹកស្រាបៀរនៅតូបរបស់គាត់ ដែលជាកន្លែងកើតហេតុ។ លុះផឹកអស់ស្រាបៀរប្រហែលកន្លះកេស ស្រាប់តែឃើញបុរសឈ្មោះចិន ជើយ ដែលជាអ្នករត់ម៉ូតូឌុបមកឈប់ប្រចាំនៅក្បែរតូបគាត់ បានជិះម៉ូតូមួយគ្រឿងក្នុងស្ថានភាពស្រវឹងមកឈប់នៅកន្លែងកើតហេតុ ទើបគាត់គិតថាជាអ្នកស្គាល់គ្នា ឃើញមុខគ្នារាល់ថ្ងៃ ក៏ហៅបុរស នោះឱ្យមកចូលរួចក្នុងវង្វង់ផឹកស៊ីជាមួយពួកគាត់តែម្តង។

បុរសឈ្មោះសាន រី បន្តថា លុះផឹកស៊ីបានមួយសន្ទុះ ស្រាប់តែប្រពន្ធរបស់បុរសឈ្មោះចិន ជើយ បានមកហៅប្តី ឱ្យត្រឡប់ទៅផ្ទះវិញ តែបុរសរូបនោះមិនព្រមទៅទេ និងថែមទាំងបង្កជាការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធទៀតផង។ ពេលនោះគាត់ក៏ប្រាប់បុរសនោះឱ្យត្រឡប់ទៅផ្ទះជាមួយប្រពន្ធទៅ កុំមកឈ្លោះគ្នានៅទីនោះអី រួចគាត់ក៏បានយកស្រាបៀរ២កំប៉ុងដែលនៅសល់បោះចោលទៅដី ដើម្បីបញ្ចប់ការផឹកស៊ី រួចក៏បានបែកផ្លូវគ្នាទៅដេកអស់ទៅ។

លុះយប់បន្តិច ស្រាប់តែលេចមុខ បុរសឈ្មោះចិន ជើយ បាននាំបក្ខពួក៥-៦នាក់ ជិះម៉ូតូ៣គ្រឿង មករករឿងគាត់ថែមទាំងដាល់គាត់២-៣ដៃចំផ្ទៃមុខ បណ្តាលឱ្យបែកមាត់ហូរឈាមទៀតផង។ រួចក៏កើតជាការប្រតាយប្រតបគ្នា ភ្លាមៗនេះក៏មានសន្តិសុខដែលយាមកាមនៅបុរីពិភពថ្មីនៅក្បែរនោះ បាននាំគ្នីគ្នាប្រមាណ ជាង១០នាក់មកជួយឃាត់ និងចាប់បុរសឈ្មោះចិន ជើយ រួមទាំងបក្ខពួកម្នាក់ទៀតដែលរងរបួសបែកក្បាល ចំណែកឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់ស្រមោលអស់ភ្លាមៗដែរ។

ដោយឡែកតាមសម្តីភាគីបុរសឈ្មោះចិន ជើយ ក៏បានរៀបរាប់ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែកដែរថា ប្រពន្ធរបស់គាត់ ក៏បានមកហៅគាត់ទៅផ្ទះ តែគាត់មិនទាន់ទៅវិញភ្លាមទេ ដោយបានដេញប្រពន្ធឱ្យទៅផ្ទះមុនទៅ។

ស្រាប់តែភ្លាមនោះ បុរសដែលជាភាគីខាងម្ចាស់តូប បានដេញគាត់ឱ្យទៅផ្ទះ និងថែមទាំងបានដៀលគាត់ថា អន់ណាស់ផឹកស៊ីប្រពន្ធតាមហៅ រួចហើយនៅបានទាញយក ស្រាបៀរ២កំប៉ុង មកគប់ចំក្បាលរបស់គាត់ទៀតផង ជាហេតុធ្វើឱ្យកើតជាអំពើហិង្សាវាយតប់គ្នាបែបនេះតែម្តង៕

Facebook Comments
Loading...