ដំឡូងដៃខ្លា ជាដំណាំប្រពៃណីដែលបានលើកកម្ពស់ជីវភាពរបស់អ្នកភូមិពាមបានយ៉ាងប្រសើរ

0
1274

ដំឡូងដៃខ្លា ជាប្រភេទរុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំទៅតាមប្រភេទពូជ។ ប្រភេទដំឡូងនេះជាដំណាំប្រពៃណីរបស់អ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលដាំតកូនតចៅច្រើនតំណមកហើយ ជាលក្ខណៈគ្រួសារផងនិងសម្រាប់លក់ដូរផង។ បច្ចុប្បន្នប្រជាជនមួយចំនួនធំក្នុងភូមិបានពង្រីកការដាំដុះច្រើនជាងមុន ព្រោះលក់បានតម្លៃខ្ពស់នៅលើទីផ្សារ ហើយងាយស្រួលថែទាំទៀត។

ទាក់ទងនឹងការដាំដុះ ពីដើមឡើយរហូតមកដល់ពេលនេះ អ្នកភូមិភាគច្រើននៅតែបន្តធ្វើតាមទម្លាប់ពីបរមបុរាណ។ ដោយស្របនឹងគោលការណ៍អភិរក្សវប្បធម៌ប្រពៃណីក្នុងការរស់នៅ ការលើកស្ទួយកម្រិតជីវភាព និងចង់ឱ្យប្រជាជនក្នុងតំបន់អង្គររក្សានូវដំណាំមរតករបស់ខ្លួន អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA បានសហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) កំពុងយកចិត្តទុកដាក់បង្រៀននិងឱ្យអ្នកភូមិសាកល្បងដាំតាមបច្ចេកទេសថ្មីដែលងាយស្រួល ចំណាយកម្លាំង ទុន និងសម្ភារៈតិចជាងមុន តែទទួលបានទិន្នផលច្រើនជាងដាំតាមទម្លាប់បុរាណ។

អ្នកមីង ផាត គន់ កសិករគំរូនៅភូមិពាម មានប្រសាសន៍ថា គាត់ដាំដំឡូងដៃខ្លាតាមទម្លាប់បុរាណជាង២០ឆ្នាំមកហើយ ពោលគឺតពីម្តាយឪពុករបស់គាត់។ ដំឡូងនេះមួយរដូវដាំបានតែម្តងទេ គឺចាប់ពីក្រោយចូលឆ្នាំហើយ (ខែពិសាខឬខែជេស្ឋ)។ ម៉្យាងទៀតដំណាំដំឡូងនេះ ងាយស្រួលដាំដុះ មិនត្រូវការទឹកច្រើន មិនចំណាយទុនច្រើន ឆាប់បានផល វាមិនទាមទារកម្លាំងច្រើនក្នុងការថែទាំ ស្រីៗក៏អាចធ្វើបាននិងងាយស្រួលលក់លើទីផ្សារ។ ចំពោះមើមឆៅលក់ចេញ៣៥០០រៀល/គីឡូ ចំណែកឆ្អិនបាន៥០០០រៀល/គីឡូ ហើយពេលខ្លះវាអាចថ្លៃជាងនេះក៏មាន។ រីឯនៅឆ្នាំនេះអ្នកមីងបានដាំដំឡូងដៃខ្លានេះតាមទម្លាប់និងតាមបច្ចេកទេសថ្មី ដែលអង្គការ IDE បង្រៀន។

អ្នកមីងបានរៀបរាប់បន្តថា ការដាំតាមទម្លាប់ពីដូនតា គឺគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។ ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ យើងគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឱ្យខ្ពស់។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន។ កសិករខ្លួនឯងអាចមើលដឹងថាដំឡូងនឹងទទួលបានទិន្និផលតិចឬច្រើនដោយសង្កេតទៅលើស្លឹក បើស្លឹកដំឡូងធំបញ្ជាក់ថាដំឡូងមើមល្អ តែបើស្លឹកល្អិតៗនោះដំឡូងមើមតូចៗ។ ក្នុងការដាំ ផលលំបាកគឺកាប់ដីធ្វើរោងដាំ ហើយចំណាយតែលុយទិញទ្រើងប៉ុណ្ណោះ តែងាយស្រួលថែនិងមិនសូវមានជំងឺឡើយ។

បើទោះបីមិនទាន់ដឹងថាទិន្នផលដាំតាមបែបបច្ចេកទេសខុសប្លែកពីការដាំតាមទម្លាប់យ៉ាងណា តែអ្នកមីង ផាត គន់ ឱ្យដឹងថា ការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំងតិច កាត់បន្ថយបង្គោលឈើបានច្រើន ចំណាយការទិញសម្ភារៈតិច ហើយសម្ភារៈមួយចំនួនក៏មានការជួយឧបត្ថម្ភពីអង្គការនិងអាជ្ញាធរជាតិអប្សរាផងដែរ ដូចជាទ្រើង សំណាញ់ស្បៃ និងជី ហើយរបៀបដាំងាយៗ។ អ្នកមីងបញ្ជាក់ថាការនៅបន្តដាំដំណាំនេះដល់សព្វថ្ងៃ ព្រោះផលដំឡូងមានទីផ្សារ អាចលក់ដូរ និងបានលើកស្ទួយជីវភាពគ្រួសារកាន់តែល្អប្រសើរជាងមុន និងមិនបាច់នឿយហត់ក្នុងការដាំដុះ ហើយចង់រក្សាដំណាំពីម្តាយនេះឱ្យគង់វង្សផងដែរ។

លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសនៃគម្រោង ACHA ឱ្យដឹងថា នៅឃុំដូនកែវ ដំឡូងដៃខ្លាត្រូវបានប្រជាជនដាំតាំងពីដូនតាមកហើយ។ ដូច្នេះ ដើម្បីលើកទឹកចិត្តដល់អ្នកភូមិឱ្យរក្សានូវដំណាំនេះបន្តនិងក្នុងន័យអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ហើយស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរាផងនោះ យើងបានផ្តល់បច្ចេកទេសបន្ថែមក្នុងការដាំដំឡូងដល់អ្នកភូមិដើម្បីឱ្យទិន្នផលបានប្រសើរជាងមុន។

លោកបន្តថា ការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំង និងថវិកាទិញសម្ភារៈតិចជាងដាំតាមទម្លាប់ ដោយគ្រាន់តែដុតសំរាមឬអង្កាមដាក់នៅកន្លែងរោងមុនដាំ រួចហើយកប់ដី ស្រោចទុកជាការស្រេច។ គួរបញ្ជាក់ដែរថា ដំឡូងនេះត្រូវការជាតិអំបិលច្រើន ដូច្នេះការដុតអង្កាម ហើយដាក់ជីកំបោរកសិកម្ម គឺល្អបំផុត ព្រោះវាជួយសម្លាប់មេរោគនិងដីមានជីវជាតិ ធ្វើឱ្យមើមចុះធំ។ លុះពេលវាធំល្មម ចាប់ផ្តើមពូនដីឱ្យខ្ពស់ពីរបីដង រហូតដល់៦ខែប្រមូលផលបាន៕

Facebook Comments
Loading...