គណៈប្រតិភូអាជ្ញាធរជាតិអប្សរាបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុលនិងអភិរក្សអង្គរ

0
5385

គណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុលនិងអភិរក្សបេតិកភណ្ឌក្នុងតំបន់អង្គរ។

ក្នុងដំណើរទសន្សនកិច្ចផ្លូវការនេះ ឯកឧត្តមនិងក្រុមការងារបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាច្រើនរូបតាមស្ថាប័ននានាដូចជាលោក តូស៊ីអាគី កូសូ សកលវិទ្យាធិការនៃសកលវិទ្យាល័យសូហ្វីយ៉ាជប៉ុន លោកសាស្ត្រាចារ្យបណ្ឌិត យូស៊ីអាគី អ៊ីហ្ស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោក តូម៉ូយូគី សាគូរ៉ៃ អនុប្រធានមូលនិធិជប៉ុន និងលោក ហាម៉ាដា យ៉ាស៊ូអេ នាយករងទីភ្នាក់ងារវប្បធម៌ជប៉ុន។

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យសូហ្វីយ៉ា និងមូលនិធិជប៉ុនទាំងអស់នេះ សុទ្ធតែបានចូលរួមចំណែកដ៏ធំក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាយ៉ាងច្រើនគ្រប់វិស័យ ពិសេសលើវិស័យបេតិកភណ្ឌ ហើយក៏មានកិច្ចសហប្រតិបត្តិការជួសជុលបុរាណដ្ឋានជាច្រើននៅក្នុងឧទ្យានអង្គរផងដែរ។

បន្ថែមពីនោះទៀត គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរាក៏បានចូលរួមពិធីបើកពិរព័ណ៌រូបថតស្តីពីសកម្មភាពជួសជុលនិងអភិរក្សប្រាសាទនៅកម្ពុជាដែលរៀបចំឡើងនៅសកលវិទ្យាល័យសូហ្វីយ៉ា ដោយមានវត្តមានរបស់លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនជាអធិបតីក្នុងកម្មវិធី៕







Facebook Comments
Loading...