ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល ប្រកាសជ័យលាភី និង ប្រគល់រង្វាន់ដល់បេក្ខជនប្រឡងប្រណាំងអំណានថ្នាក់ទី៣ និងទី៦ កម្រិតរដ្ឋបាលខណ្ឌបឹងកេងកង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ កាលពីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យជាស៊ីមបឹងកេងកង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង មានប្រសាសន៍ថា ការរៀបចំប្រឡង ប្រណាំងអំណាន ថ្នាក់ទី៣ និងទី៦ កម្រិតខណ្ឌ គឺដើម្បីលើកកម្ពស់ ការបង្រៀន និង ការរៀនភាសាខ្មែរនៅកម្រិត បឋមសិក្សាឲ្យកាន់តែល្អប្រសើរ ដោយផ្តោតលើសមត្ថភាពក្នុងការអាន ការសរសេរ ការស្តាប់ និង ការនិយាយជាអាទិភាព សំដៅលើកកម្ពស់អក្ខរកម្ម បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងសមត្ថភាពអានរបស់សិស្សដូចបានរំលេចក្នុងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ជាពិសេស ទៀតនោះគឺដើម្បី ទៅចូលរួមប្រឡងប្រណាំងនៅកម្រិតរាជធានីជាបន្ត។
លោក អភិបាលខណ្ឌបានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំ ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹស្ថានបឋមសិក្សាសាធារណៈនិងឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ ឱ្យរៀបចំការប្រឡងប្រណាំងអំណានថ្នាក់ទី៣ និងទី៦ ឆ្នាំសិក្សា២០២៤-២០២៥ នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យសិស្សា នុសិស្សខិតខំរៀនសូត្រ យកចំណេះ ដែលខ្លួនខិតខំមក ប្រលងប្រជែង ក្នុងគោលដៅ លើកកម្ពស់ ការអប់រំកុមារ និង យុវជនឱ្យក្លាយជាធនធានមនុស្ស ប្រកបដោយសក្តានុពល ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ហើយតាមរយៈ ការប្រលងនេះ គណៈកម្មការ សម្រាំងបាន បេក្ខជន ជ័យលាភី ០២រូបដែលមានពិន្ទុខ្ពស់ជាងគេ សម្រាប់ទៅចូលរួមប្រឡងប្រណាំងនៅកម្រិតរាជធានីជាបន្ត និងចេញទៅក្រៅប្រទេស។
ក្នុងនោះផងដែរលោក សុខ សម្បត្តិ បានសំដែងនូវការសាទរ ចំពោះក្មួយៗជាជ័យលាភី និងលើកទឹកចិត្ត ផ្តល់តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ជាបេក្ខជនដទៃទៀត ដែលមិនបាន ជាប់ចំណាត់ថ្នាក់ជាជ័យលាភី។ ទោះបី ពេលនេះក្មួយៗ មិនបាន ជាប់ជាជ័យក៏ដោយ តែក្មួយៗនឹងមានឱកាសក្នុងការប្រលងប្រជែង នៅបណ្តាឆ្នាំសិក្សាបន្តបន្ទាប់ទៀត។
ជាងនេះទៅទៀត លោក អភិបាលខណ្ឌ បានលើយក អនុសាសន៍ ដ៏ថ្លៃថ្លា របស់សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីបិទអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ មកបញ្ជាក់ថា ការអប់រំមានតួអង្គបីជាសំខាន់ គឺ ការអប់រំនៅផ្ទះ ការអប់រំនៅសាលា និងការអប់រំក្នុងសង្គម។ ការអប់រំនៅសាលា និង ការអប់រំនៅផ្ទះ គឺមានភាពចាំបាច់ខ្លាំងណាស់ដើម្បីជួយលុបបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅព្រោះថា ក្នុងសង្គមមានរឿងច្រើនដែលយុវជនត្រូវពិចារណា ថាតើសកម្មភាពមួយ ណាល្អ និងសកម្មភាពមួយណាអាក្រក់។ ដូច្នេះ ត្រូវបង្កើន ការគាំទ្រ ប្រទាក់ក្រឡាគ្នារវាងឪពុកម្តាយ និង សហគមន៍ ជាមួយនឹងសាលារៀន៕