ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ថ្ងៃនេះល្អហើយ ថ្ងៃស្អែកត្រូវឲ្យល្អជាងនេះបន្ថែមទៀត ព្រោះយើងជាមន្ត្រីថ្នាក់ក្រោមជាតិ ជាកោសិការរបស់សង្គម ត្រូវជួយសង្គមឲ្យអស់ពីលទ្ធភាព ដូចនេះអាជ្ញាធរខណ្ឌ សង្កាត់ និងភូមិត្រូវបន្តយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ និងលើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរក្រោមម្លប់សន្តិភាព។
លោកអភិបាលខណ្ឌបន្តថា បច្ចប្បន្នបើទោះជាមានភ្លៀងធំៗក៍ដោយ លូនៅក្នុងផ្សារបឹងកេងកង និងនៅតាមផ្លូវ១០៥ ដែលបានស្ថាបនារូចមិនមានទឹកជន់លិចដូចមុនទៀតឡើយ ហើយអាជ្ញាធរត្រូវជួយមើលគ្នា ដោយត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសសង្កាត់ និងភូមិត្រូវផ្សព្វផ្សាយ បំផុសឲ្យប្រជាពលរដ្ឋចូលរួម ដោយផុសចេញពីបេះដូងតែម្តង ធ្វើមេចកុំឲ្យមានសម្រាមនៅមាត់លូដែលអាចបង្កឲ្យមានកាស្ទះលូ។
ដោយឡែកចំពោះការពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ នៅតាមសាលារៀន លោកសុខ សម្បត្តិ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌ ក្រោមកិច្ចសហការពីអង្គភាពពាក់ព័ន្ធ និងការិយាល័យជំនាញ បានចុះជាច្រើនជុំ រួចមកហើយ ដោយលោកបានកត់សម្គាល់ឃើញថា បញ្ហាក្មេងទំនើង គ្រឿងញៀន និងបញ្ហាសុវត្ថិភាពចំណីអាហារ បិស្ថាន អនាម័យ នៅតាមសាលាមានលក្ខណៈល្អប្រើរជាងមុន តែបញ្ហាចំណីអាហារ និងនារីអេឡេចត្រូនិចនៅមានតិចតូចទៀតដែលយើងត្រូវធ្វើបន្ថែមទៀត ហើយលោកអភិបាលរងទទួលបន្ទុកខាងការិយាល័យអប់រំ បន្ដសហការយកចិត្តទុកដាក់ធ្វើ កិច្ចការនេះបន្តទៀត ដោយធ្វើនៅសាលារដ្ឋមុនគេ បន្ទាប់មកទើបសាលាឯកជន គឺត្រូវធ្វើក្នុងមួយសប្តាហ៍ចុះឲ្យបាន៣ដង។
លោកអភិបាលខណ្ឌបញ្ជាក់បន្ថែមថា អ្វីដែលសំខាន់គឺនាយកសាលាគ្រប់សាលាទាំងអស់ក្នុង ខណ្ឌបឹងកេងកង ត្រូវផ្ដល់ព៌តមានពីស្ថានភាពក្មេងទំនើង គ្រឿងញៀន និង បញ្ហាសុវត្ថិភាពចំណីអាហារ តាមសាលានិមួយៗ មកគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីខណ្ឌមានវិធានការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ក្នុងករណីចាំបាច់។
បន្ធែមពីលើនេះលោកសុខ សម្បត្តិ បានប្រាប់ឲ្យចៅសង្កាត់ទាំង៧អង្កេតមើលតាមផ្សារ និងប្រាប់ប្រជាពលរដ្ឋកុំភិតភ័យ ខណៈដែលកម្ពុជាបានបិទការនាំចូលសាំង និងបន្លែផ្លែឈើ ពីប្រទេសថៃ នាប៉ុន្មានថ្ងៃមកនេះ ព្រោះរបស់ទាំងនេះកម្ពុជាយើងអាចនាំចូលពីប្រទេសជាច្រើនទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋបាន។ សូមឲ្យបងប្អូនត្រូវជឿជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាចនិងគ្រប់គ្រងស្ថានការទាំងអស់នេះបាន ហើយធ្វើឲ្យប្រទេសថៃបាក់បបខ្លបខ្លាចមិនខាន៕