លោកសុខ សម្បត្តិ ! បងប្អូនអាជីវករ ដែលកំពង់លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសុំទៅទទួលយកទីតាំងលក់ដូថ្មីនៅផ្សារដើមគរថ្មី ដែលមិនយកថ្លៃសេវាជួលតូបរយៈពេល២ឆ្នាំ

0
189

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកងនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអង្គប្រជុំ បានលើកឡើងថា ថ្នាក់ខណ្ឌ និងសង្កាត់ត្រូវផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ ដែលកំពង់លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសនៅផ្លូវមុនីរ៉េត សុំឲ្យបងប្អូនទៅទទួលយកទីតាំងលក់ដូថ្មីនៅផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលអាជ្ញាធរបានខិតខំរៀបចំជូនបងប្អូន ដោយមិនយកថ្លៃសេវាជួលតូបរយៈពេល២ឆ្នាំ។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា កំណើតប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ បានធ្វើឲ្យសាលារាជធានីភ្នំពេញពង្រីកខណ្ឌរហូតដល់១៤ខណ្ឌទៅហើយនាបច្ចប្បន្ននេះ ដែលធ្វើឲ្យងាយក្នុងការគ្រប់គ្រង និងងាយស្រួលផ្តល់សេវាជូនប្រជាពលរដ្ឋ តែយ៉ាងណាបើទោះជាបែបនេះក្តីក៍នៅមានប្រជាពលរដ្ឋមួយចំនួនបានយកចិញ្ចើមផ្លូវ និងផ្លូវដាក់របស់របរលក់ដូ គ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យបាត់បង់សោភ័ណ​​ភាពទីក្រុង និងកកស្ទះចរាចរជារៀងរាល់ថ្ងៃ។

លោកបញ្ជាក់ថា ក្នុងកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ ជាបន្តបន្ទាប់ ក៍ដូចជាកាលពីចុងខែឧសភាកន្លងមកនេះ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ទៅលើការងារសណ្តាប់ធ្នាប់សង្កាត់ទាំង១០៥ និងខណ្ឌទាំង១៤ ហើយកន្លងមកសាលារាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែ លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាចូលរួមសហការ និងអញ្ជើញទៅទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូនក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សមស្រប ទៅតាមលទ្ធភាព និងទំហំអាជីវកម្មរបស់ខ្លួន ដោយបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ-សុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ- បរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុងយើង ឱ្យកាន់តែស្រស់បំព្រងឡើង។

លោកអភិបាលខណ្ឌបឹងកេងកងបានបន្ថែមថា ពិតណាស់ថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានណែនាំ ឱ្យមន្ត្រីក្រោមឱ្យវាទ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង ,បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍ លួច , ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាន។

ជាចុងក្រោយលោកសុខ សម្បត្តិ បាននែនាំដល់គណះបញ្ជាការឯកភាពរដ្ឋបាលសង្កាត់៧ ពិសេសភូមិត្រូវចុះមើលអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ផ្លូវសំបុកមាន់ និងលូ អោយបានទៀងទាត់ព្រោះរដូវនេះជារដូវវស្សា បើមានអ្វីមិនស្រួលត្រូវរាយការទៅសង្កាត់ ហើយការងារណាដែលហួសពីសមត្ថភាពរបស់សង្កាត់ ត្រូវរាយការមកខណ្ឌ ដើម្បីខណ្ឌឆ្លើយអោយតបបានទាន់ពេលវេលា៕

Facebook Comments
Loading...