ប៉ូលិសដែលបុករះនៅមុខក្រសួងមហាផ្ទៃ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ហើយ

0
328

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ឧសភានេះ លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ និងត្រៀមបញ្ជូនខ្លួនតុលាការនៅព្រឹកថ្ងៃទី១៧ឧសភានេះ ដើម្បីអនុវត្តនីតិវិធីច្បាប់។ ការប្រកាសជាសាធារណៈពីលោកស្នងការរាជធានីនៅលើបណ្ដាញសង្គមបែបនេះ បន្ទាប់ពីមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយមន្ត្រីនគរបាលជាតិ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ដល់មហាជនថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស។លោកស្នងការបន្ថែមថា ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខណ្ឌផងដែរ។សូមបញ្ជាក់បន្ថែមថា លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅលើកំណាត់ផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕

Facebook Comments
Loading...