ភ្នំពេញ: អ្នកប្រដាល់ជើងថ្មីរបស់ក្លិបទ័ពឆ័ត្រយោង៩១១គឺអ្នកប្រដាល់កូយ ឡាយនឹងត្រូវឡើងសង្វៀនតស៊ូជាមួយអ្នកប្រដាល់ថៃKhumphit Pror Phitsaychumលើសង្វៀនម៉ាយធីវីយប់ថ្ងៃទី៩មីនានេះ ។
កូយ ឡាយគេទើបតែលេចឈ្មោះឡើងប៉ុណ្ណោះបន្ទាប់ពីគេប្រកួតគូបើកឆាកមួយរយៈមកគេបានក្លាយជាអ្នកប្រដាល់កម្រិតខ្ពស់មួយ ។មួយរយៈនេះការប្រកួតរបស់គេពុំសូវស្គាល់បរាជ័យនោះទេ ។គេមានប្រវត្តិប្រកួតចំនួន៤៦ដង ឈ្នះ៣៩ដង ចាញ់៥ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។
ចំពោះអ្នកប្រដាល់ថៃ Khumphit ក៏ជាអ្នកប្រដាល់ដែលមិនអាចមើលរំលងបានដែរ ។ទោះបីគេបង្ហាញមុខនៅស្រុកខ្មែរម្ដងម្កាលមែនតែការប្រកួតភាគច្រើនគេបានទទួលជ័យជំនះ ។ ជួបជាមួយកូយ ឡាយ Khumphit អាចស្ពាយជ័យជំនះទៅស្រុកបានឬទេ ?
សួន ចាន់នីក្លិបបក្សីស្លាបដែកដែលគេស្គាល់ជាទូទៅថាសូត្រ ប៊ុនធីនោះជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Linglum Por Yuthakphum ក្នុងប្រភេទតម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់កម្ពុជារូបនេះកែង និង ជង្គង់របស់គេតែងតែធ្វើឲ្យគូប្រកួតដួលមុនទឹកទី ៥ ។គេមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៨១ដង ចាញ់១៨ដងស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់៣៧ដង ។
ចំពោះអ្នកប្រដាល់ថៃ Linglum មិនសូវមាននរណាចាប់អារម្មណ៍ពីរបៀបវ៉ៃរបស់គេនោះទេតែអ្នកប្រដាល់រូបនេះមានកណ្ដាប់ដៃធ្ងន់ណាស់ ។គេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៥ដងស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់១៥ដង ។ នរណាជាអ្នកឈ្នះ ?