អ្នកវិភាគ៖ សម រង្ស៊ី សន្យាកាត់ខេត្តខ្មែរចំនួន៤ ឱ្យក្រុមម៉ុងតាញ៉ាវៀតណាម បើសិនបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស

0
14771

(ភ្នំពេញ)៖ បញ្ជីសំណុំរឿងក្បត់ជាតិរបស់ សម រង្ស៊ី និងគូកនមិនទាន់បិទបញ្ចប់នៅឡើយទេ ក្រោយពីមានការបែកធ្លាយឯកសារនិងវិដេអូ នៃកិច្ចព្រមព្រៀងរវាង សម រង្ស៊ី និង កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ដែលបានធ្វើឡើងនៅអំឡុង ឆ្នាំ២០១៣កន្លងទៅនេះ ប៉ុន្តែទើបនឹងបែកធ្លាយនៅថ្ងៃនេះតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស។

នៅក្នុងកិច្ចព្រមព្រៀងរវាង សម រង្ស៊ី និង កុក ស នោះលើកឡើងថា ជនជាតិដើមភាគតិចវៀតណាមម៉ុងតាញ៉ា មានសិទ្ធិស្វ័យភាពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសិទ្ធិនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យបន្តអភិវឌ្ឍខាងសេដ្ឋកិច្ច សង្គម វប្បធម៌របស់ ពួកគេដោយសេរី។ នៅក្នុងវិដេអូ សម រង្ស៊ី បាននិយាយថា ពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ឱ្យក្រុមវៀតណាមម៉ុងតាញ៉ា ដើម្បីគ្រប់គ្រងផ្តល់ស្វ័យភាព និងមានសិទ្ធិពេញលេញ អាចរស់នៅនិងមានសិទ្ធិដូចប្រជាជនកម្ពុជាដែរ។ (មើលវិដេអូខាងក្រោម)

ពីមុនប្រជាពលរដ្ឋខ្មែរដឹងថា សម រង្ស៊ី បានក្បត់ជាតិខ្លួន លក់ជាតិ និងឱនក្បាល បម្រើចៅហ្វាយនាយបរទេសជាមួយក្រុមបស្ទឹមប្រទេសមួយចំនួន ប៉ុន្តែឯកសារដែល បានបែកធ្លាយនៅពេលនេះគឺបង្ហាញថា សម រង្ស៊ី ដែលតែងតែប្រើវោហារសាស្ត្រស្អប់ ខ្ពើមជនជាតិវៀតណាម វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ថាជាអាយ៉ងរបស់វៀតណាម ទីបំផុតទៅ សម រង្ស៊ី បាននិងកំពុងតែដើរជាន់ដានចំពោះអ្វីដែលខ្លួនបានសាបព្រោះ និងលាបពណ៌ឱ្យគេ។ តើអ្វីដែល សម រង្ស៊ី បានព្រមព្រៀងជាមួយក្រុមវៀតណាមម៉ុងតាញ៉ានៅលើទឹកដីសហរដ្ឋអាមេរិកដោយស្ងាត់ៗនេះបានសួរ យោបល់ប្រជាជនកម្ពុជាដែរឬទេ? តើ សម រង្ស៊ី ជានរណាបានជាសន្យាកាត់ដីឱ្យទៅជន បរទេស និងផ្តល់សិទ្ធិដល់ជនបរទេសមករស់នៅកម្ពុជានិងមានសិទ្ធិចាត់ចែងលើដីធ្លីខ្មែរ ដូចប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសដែរ?

កម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលនៅក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំវាយផ្តួលរំលំរបបខ្មែរក្រហម និងដឹកនាំការកសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍសព្វបែបយ៉ាងបានទទួលការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ដឹកនាំប្រទេសកម្ពុជាបន្តទៀត។ ប្រសិនបើគណបក្សសង្គ្រោះជាតិដែលមាន សម រង្ស៊ី ជាប្រធានគណបក្ស នៅពេលនោះឈ្នះការបោះឆ្នោតដូចអ្វីដែលខ្លួន និងចៅហ្វាយនាយបរទេសរបស់ខ្លួនប៉ុនប៉ង និងប្រាថ្នាចង់បាននោះ ទំនងរហូតមកទល់ពេលនេះខេត្តទាំង៤ របស់ខ្មែរដែលពោរពេញទៅដោយធនធានធម្មជាតិ និងមានសក្តានុពលខ្ពស់ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមវៀតណាម ម៉ុងតាញ៉ាបាត់ទៅហើយ។

នេះក៏ជាភ័ព្វសំណាងរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលបានដឹងនូវផែនការដ៏ខ្មៅកខ្វក់នៃក្រុមអ្នកនយោបាយបក្សប្រឆាំង ក្រោមការជួយជ្រោមជ្រែងពីចៅហ្វាយនាយបរទេស របស់ពួកគេ បានរៀបចំផែនការបំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជា។ នេះគឺជាការប៉ុនប៉ងរបស់ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយដែលចង់ឡើងដឹកនាំប្រទេសកម្ពុជាតាមរយៈគំរូនៃ បដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ដោយមិនឆ្លងកាត់ដំណើរការប្រជាធិបតេយ្យការបោះឆ្នោត។ បើសិនជាផែនការបដិវត្តន៍ពណ៌ឡើង កាន់អំណាចតាមបែប មិនប្រជាធិបតេយ្យសម្រេចនៅអំឡុងឆ្នាំ ២០១៣ និង២០១៤ ម៉្លេះ ខេត្តខ្មែរ៤ រួមនឹងប្រជាជននៅក្នុងតំបន់នោះនឹងត្រូវកាត់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម វៀតណាមម៉ុងតាញ៉ា បាត់ទៅហើយ។ ហេតុដូច្នេះហើយវាពិតជាត្រឹមត្រូវ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចាត់វិធានការច្បាប់ប្រឆាំងនឹងបដិវត្តន៍ពណ៌ ខុសច្បាប់ ព្រមទាំងចាប់មេក្លោងបដិវត្តន៍ពណ៌ខ្លះដាក់ពន្ធនាគារ និងខ្លះទៀតបានរត់ គេចខ្លួនទៅស្នាក់នៅយ៉ាងវេទានៅក្រៅប្រទេស។

ជាតិ និងប្រជាជនកម្ពុជាកាន់តែមានភ័ព្វសំណាងខ្លាំងថែមទៀត ដែលតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយពីបានរកឃើញថា បក្សនេះបានរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយដែលចែងថា គណបក្សនយោបាយមិនអាចទទួល យកការបង្គាប់បញ្ជាណាមួយពីគណបក្ស ឬរដ្ឋាភិបាលបរទេសណាមួយឡើយ។ ដូច្នេះកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវក្នុងការសម្រេចរំលាយគណបក្សក្បត់ជាតិ ដើម្បីរក្សានូវភាពសុខសាន្ត សន្តិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាបាននិងកំពុងមាននេះ។ ប្រសិនបើមិនរំលាយទាន់ពេលវេលាទេ ផែនការទុច្ចរិតទាំងប៉ុន្មានអាចនឹង ត្រូវអនុវត្តដើម្បីឡើងគ្រប់គ្រងអំណាច ជាពិសេសសេណារីយោនាខែកក្កដា ឆ្នាំ១៩៩៦។

ពិតជាមិនអាចអត់ឱនឱ្យទណ្ឌិត សម រង្ស៊ី បានឡើយ ព្រោះអ្វីដែល សម រង្ស៊ី បាននិងកំពុងធ្វើ កំពុងតែនាំនាវាកម្ពុជាឆ្ពោះទៅរកភាពអន្តរាយ។ ការសន្យាកាត់ខេត្តខ្មែរ ៤ ឱ្យទៅក្រុមវៀតណាមម៉ុងតាញ៉ា ក្រោយគណបក្សសង្គ្រោះជាតិឈ្នះការឆ្នោត គឺជាផែនការមិនធម្មតាដែលទង្វើនេះជាទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ ហើយសមត្ថកិច្ចគួរចាត់វិ ធានការផ្លូវច្បាប់។ ដោយយសារតែក្រុមអ្នកនយោបាយប្រឆាំងមិនដឹងទិសតំបន់ដូច្នេះ ហើយពួកគេរួមគ្នាក្បត់ជាតិទៀត ហើយគណបក្សប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថា គ្មានគណបក្សណាមួយអាចមកជំនួសតួនទីរបស់គណបក្សប្រជាជនកម្ពុជា និងតួនាទីថែរក្សាសន្តិភាព ការពារជាតិ និងសេចក្តីសុខទុក្ខរបស់ប្រជាជនបានឡើយ ក្នុងការងារគ្រប់គ្រង និងការងារ៕ ប្រភព ៖ Freshnews

ដោយ៖ ចៅចាក់ស្មុក
កំចាយមារ ខេត្តព្រៃវែង រាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨

Facebook Comments
Loading...