ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតិឱ្យអង្គការ InSTEDD iLab ដែលដឹកនាំដោយលោកស្រី ស៊ុយ ចាន់ណេ ប្រធានគ្រប់គ្រងតំបន់អាស៊ី បានចូលជួប និងស្នើសុំកិច្ចសហការជាមួយនឹងក្រសួងបរិស្ថានលើកិច្ចការងារពង្រឹង និងផ្សព្វផ្សាយដើម្បីពង្រឹងចំណេះដឹងបរិស្ថាន។
អង្គការInSTEDD iLab ជាអង្គការជំនាញនៅក្នុងការចងក្រងព័ត៌មានសម្រាប់ការផ្សព្វផ្សាយទៅកាន់សាធារណៈជន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការប្រចាំតំបន់មួយនេះពិនិត្យមើលលើលទ្ធភាពការធ្វើការជាមួយក្រសួងដើម្បីបង្កើតជាប្រព័ន្ធអេប (APP)ដើម្បីបង្ហាញព័ត៌មានឱ្យពលរដ្ឋបានយល់ដឹងអំពីបរិស្ថាននៅតាមទីតាំងមូលដ្ឋានដូចជាស្រុក ក្រុងជាដើម ដែលក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឧទាហរណ៍ស្តីពីទីក្រុងឈានមុខដែលមើលទៅលើការគ្រប់គ្រងលើអនាម័យបរិស្ថាន ការដាំដើមឈើ និងការគ្រប់គ្រងលើប្រព័ន្ធបង្ហូរទឹកជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអង្គការInSTEDD iLab ធ្វើការជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបរិស្ថានដើម្បីធ្វើលើការងារនេះឱ្យបានឆាប់រហ័សសម្រាប់ចូលរួមក្នុងការលើកកម្ពស់ចំណេះដឹងស្តីពីបរិស្ថានឱ្យកាន់តែប្រសើរ៕