ប្រជាពលរដ្ឋរស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានយកភាជន៍បុរាណ ដែលប្រទះឃើញក្នុងច្បារដំលូងខ្លួនក្បែរភូមិមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក។ ភាជន៍នេះ មានស្រទាប់រលោងពណ៌ត្នោត ត្រូវបានដឹងថាផលិតឡើងក្នុងស.វទី១១ដល់ទី១៣នៃគ.ស។ សភាពភាជន៍នេះពេលជីកបាន គឺបែកមាត់លើស្រាប់ និងបែកខ្លួនបន្តិចដោយសារការជីកដីប៉ះដោយអចេតនា។
ការប្រគល់ភាជន៍នេះមិនមែនជាលើកដំបូងឡើយ គឺកន្លងមកធ្លាប់មានប្រជាពលរដ្ឋច្រើននាក់ហើយ ដែលស្គាល់ពីតម្លៃបេតិកភណ្ឌនិងប្រគល់វត្ថុបុរាណមួយចំនួនដល់សារមន្ទីររបស់អាជ្ញាធរជាតិអប្សរា ក្នុងន័យរួមគ្នាថែរក្សាវត្ថុសិល្បៈខ្មែរ។
យុវជន ប៉ឹម ជាតិ ដែលមានទីលំនៅភូមិថ្នល់ទទឹង នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានយកក្រឡភាជន៍បុរាណដែលខ្លួនប្រទះឃើញកាលពីដើមខែមករា មកប្រគល់ជូនសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ តាមការរៀបចំរបស់ ជាតិ ខ្លួនបានប្រទះឃើញភាជន៍នេះនៅដីចម្ការដំលូង ពេលទៅកាប់ដីបានជម្រៅដីប្រហែលមួយតឹក ដែលនៅឆ្ងាយពីភូមិប្រមាណមួយគីឡូម៉ែត្រ។
យុវជនខាងលើបន្ថែមថា ភ្លាមៗក្រោយប្រទះឃើញនៅថ្ងៃទី៣ ខែមករា ខ្លួនបានយកភាជន៍ទៅរក្សាទុកនៅផ្ទះ តែក្រោយមកដោយសារមានគំនិតថែរក្សានិងការបារម្ភពីសុវត្ថិភាពផង ខ្លួនក៏សម្រេចយកភាជន៍ដែលឃើញនេះមកប្រគល់ឱ្យសារមន្ទីរ តាមការណែនាំពីមគ្គុទ្ទេសក៍ភាសាបារាំងម្នាក់ ព្រោះគិតថាក្នុងសារមន្ទីរមានសុវត្ថិភាពខ្ពស់។ ជាងនេះទៅទៀតនោះ ក្នុងសារមន្ទីរជាទីដែលសាធារណជនគ្រប់ជាតិសាសន៍ចូលមកទស្សនា ហើយវាស្របតាមគំនិតរបស់យុវជន ជាតិ ដែលចង់បង្ហាញវត្ថុបុរាណដែលរកឃើញឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់។
អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កញ្ញា ឆោម គន្ធា បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ បានយកវត្ថុបុរាណដែលប្រទះឃើញ យកមកប្រគល់ជូនសារមន្ទីរដើម្បីធ្វើការអភិរក្ស ក៏ដូចជាតាំងបង្ហាញក្នុងសារមន្ទីរ។ កញ្ញាក៏បានកោតសរសើរដល់ស្មារតីប្រជាពលរដ្ឋ ដែលបានយល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ បំណងថែរក្សាវត្ថុទាំងនោះ ជាប្រយោជន៍សម្រាប់កូនចៅតទៅជំនាន់ក្រោយៗ ឱ្យបានសិក្សានិងស្វែងយល់៕