នៅថ្ងៃទី២២ខែកុម្ភៈប៉ូលីសអាហ្សង់ទីនបានរឹបអូសថ្នាំញៀនកូកាអ៊ីនប្រមាណ៤០០គីឡូក្រាម ពីក្នុងស្ថានទូតរុស្សីក្នុងទីក្រុងBuenos Airesនៃប្រទេសអាហ្សង់ទីន ព្រមទាំងចាប់ខ្លួនឧក្រឹដ្ឋជនទាក់ទងនឹងគ្រឿងញៀននេះជាច្រើនរូបទៀត។
អ្នកនាំពាក្យក្រសួងសន្តិសុខអាហ្សង់ទីន អ្នកស្រីPatriciaបានប្រាប់អ្នកកាសែតថា ថ្នាំញៀននេះត្រូវបានរកឃើញនៅឯអាគារមួយដោយឡែកក្នុងស្ថានទូតរុស្សីហើយវាមានតម្លៃប្រហែល៦២លានដុល្លារអាមេរិក។អ្នកស្រីនិយាយទៀតថា ពួកឧក្រឹដ្ឋជនគ្រឿងញៀនប៉ុនប៉ងប្រើប្រាស់បណ្តាញការងារទូតដើម្បីរត់ពន្ធថ្នាំញៀននេះតាមនាវានាំចេញពីទីនេះទៅកាន់ប្រទេសអឺរ៉ុប។ កន្លងមកនេះអាហ្សង់ទីននិងរុស្សីធ្លាប់មានកិច្ចសហការល្អក្នុងការរួមគ្នាកំចាត់គ្រឿងញៀនដែលករណីបែបនេះធ្លាប់កើតមានកាលពីឆ្នាំ២០១៦។
នៅក្នុងប្រតិបត្តិការលើកនេះប៉ូលីសចាប់បានឧក្រឹដ្ឋជន៥នាក់ក្នុងនោះមានជនជាតិរុស្សី៣នាក់ និងអាហ្សង់ទីន២នាក់។គ្រឿងញៀននេះប្រហែលជានាំចេញមកពីប្រទេសប៉េរូ ឬក៏កូឡំប៊ី។ ពេលនេះប៉ូលីសរុស្សីក៏បានមកពិនិត្យនិងស្រាវជ្រាវករណីនេះនៅក្នុងប្រទេសអាហ្សង់ទីនដែរ៕