ភ្នំពេញ: អ្នកប្រដាល់កម្ពុជាជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(Kong Kangwan) ។ ពួកគេសុទ្ធតែឆ្លងកាត់បានមួយប្រកួតដូចគ្នានិងជួបបរាជ័យដូចគ្នាតែសម្រាប់ការប្រកួតទី២នេះនឹងមានម្នាក់បន្ថែមស្ថិតិចាញ់ទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន និង មានម្នាក់បន្ថែមស្ថិតិឈ្នះតែមិនដឹងថានរណាសំណាងល្អនោះទេ ។
ចិត្រាគេមានកលល្បិចវ៉ៃល្អបានគ្រាន់បើ គេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៧ដង ចាញ់១៤ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។
ចំពោះកង កាងវ៉ានវិញទោះបីគេចូលចិត្តវ៉ៃមួយក៏ពិតមែនតែការវ៉ៃចេញរបស់គេភាគច្រើនមានប្រសិទ្ធិភាពណាស់ គេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៦ដង ចាញ់១៧ដងនិងស្មើពិន្ទុ ១ ដង ។
ក្នុងការប្រកួតនេះមិនដឹងថាកង កាងវ៉ាន ឬ ជឹម ចិត្រាមានសមត្ថភាពដណ្ដើមជ័យជំនះនោះឡើយ ។ ប្រសិនបើនរណាចាញ់ការប្រកួតនេះទៀតឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទំនងជាលែងមានហើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះភេច ណាំឯក(Phich Nam Ek) ។
ប្រកួតលើកដំបូងរបស់គេគឺបានទទួលជ័យជំនះដូចគ្នាតែសម្រាប់ការប្រកួតលើកទី២នេះភេច ណាំឯកទំនងជាលំបាក់ជាមួយសុខហ៊ុចហើយទោះបីមួយរយៈនេះសុខហ៊ុចស្រុតចុះច្រើនក៏ពិតមែនក៏ដោយតែអ្នកប្រដាល់ថៃរូបនេះមិនសូវមានស្នៀតសំបូរបែបដើម្បីយកឈ្នះសុខហ៊ុចនោះទេ ។
សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១៣៧ដង ឈ្នះ១១០ដង ចាញ់២៣ដងស្មើពិន្ទុ៤ដង ។ចំពោះអ្នកប្រដាល់ថៃភេច ណាំឯកវិញមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧៣ដង ចាញ់១៥ដងស្មើពិន្ទុ ២ ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។ នរណាជាអ្នកស្គាល់ចាញ់ក្នុងការប្រកួតនេះ ?