តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែល សម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ។
ជារៀងរាល់ឆ្នាំ រាប់រយឆ្នាំ រាប់ជំនាន់មនុស្សមកហើយ ឱ្យតែដល់ខែមាឃ (ពិសេស៣កើតខែមាឃឬកំឡុុងពេលណាមួយក្នុងខែមាឃ) អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនដែលខកខាននិងតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមជាលក្ខណៈសហគមន៍ដើម្បីត្រៀមរៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណ។
ការចាប់ត្រីរួមធ្វើឡើងនៅត្រពាំងបឹងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកស្រុកបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការណាត់គ្នាពីមេភូមិជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកស្រុកអាចទៅរកចាប់បាន។
លោកមេភូមិបង្កោងមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំឱ្យតែខែមាឃមកដល់ គាត់តែងតែប្រកូកប្រកាស និងកំណត់ពេលវេលាសមស្របណាមួយដល់អ្នកស្រុកក្នុងភូមិ ដើម្បីឱ្យពួកគាត់នាំគ្នាទៅចាប់ត្រីទាំងអស់គ្នា ហើយត្រីដែលចាប់បាននោះសម្រាប់ធ្វើទឹកនំបញ្ចុកនិងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅក្នុងខែនេះតាមទំនៀមបុរាណ។ ទោះបីពិធីនេះមិនបានប្រារព្ធក្នុងថ្ងៃណាមួយច្បាស់លាស់ តែមិនឱ្យហួសពីខែមាឃនេះឡើយ។
លោកមេភូមិបញ្ជាក់ថា ក្នុងការនេសាទត្រី គឺយើងប្រកូកប្រកាសឱ្យអ្នកស្រុកមកជុំគ្នា ហើយក៏ចាប់ផ្តើមដុតកាំជ្រួច ទើបអ្នកស្រុកអាចចុះរកបាន។ ភាគច្រើនតែងចាប់ផ្តើមពីព្រឹកព្រាងៗប្រហែលម៉ោងជិត៥ភ្លឺ តែដោយសារឆ្នាំនេះរងាពេក ទើបយើងចាប់ផ្តើមរកនៅម៉ោង៦ព្រឹក។ ត្រពាំងបឹងនេះត្រូវបានថែរក្សា ការពារបានយ៉ាងល្អ មិនឱ្យអ្នកក្រៅមកនេសាទឡើយ និងហាមដាច់ខាតការនេសាទដោយប្រើម៉ាស៊ីនឆក់ និងអូសមង។ ចំពោះទិន្នន័យត្រីឆ្នាំនេះដែរ គឺទទួលបានច្រើនជាងឆ្នាំមុន។ ចំណែកការរកត្រីដើម្បីយកទៅធ្វើពិធីនេះ គឺបានអនុញ្ញាតប្រជាជនប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ មានដូចជាឈ្នាង អង្រុត និងសំណាញ់ជាដើម។
ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងភាពរស់រវើកនៅតាមសហគមន៍ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។ ចំពោះពិធីនេះ ក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នានៅតាមស្រុក និងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជាផងដែរ។