រដ្ឋាភិបាលបារាំងអាចនឹងបិទរោងចក្រ ដើរដោយថាមពលធ្យូងថ្មទាំងអស់ នៅឆ្នាំ២០២១ដើម្បីបង្ហាញពីទំនួលខុសត្រូវលើផ្នែកបរិស្ថាន។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីបារាំង ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ។ បន្ថែមពីលើនេះ ជុំវិញការបេ្ដជ្ញាចិត្តនេះដែរ លោក ម៉ាក្រុង បាននិយាយថា ទីក្រុងប៉ារីសអាចនឹងជំនួសរោងចក្រថាមពលចាស់ៗ ដោយរោងចក្រថាមពលកកើតឡើងវិញ ឬក៏ថាមពលដើរដោយរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅឆ្នាំ២០២១។ «ការផ្លាស់ប្ដូរនេះនឹងផ្ដល់ផលប្រយោជន៍ក្នុងការទាក់ទាញ និងការប្រកួតប្រជែង… ហើយយើងនឹងបង្កើតការងារជាច្រើន តាមរយៈយុទ្ធសាស្ត្រថ្មីនេះ»។ នេះបើតាមលោក អែមម៉ានុយអែល ម៉ាក្រុង។
គួររំលឹកថា អតីតប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ ក៏ធ្លាប់បានអះអាងដែរថា ទីក្រុងប៉ារីសនឹងបិទរោងចក្រថាមពលធ្យូងថ្ម នៅឆ្នាំ២០២៣។ តែយ៉ាងណាក៏ដោយ ការប្ដេជ្ញាចិត្តជាថ្មីរបស់លោក ម៉ាក្រុង ធ្វើឡើងនៅចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុ ដែលនេះធ្វើឱ្យក្រុមអ្នកការពារបរិស្ថានយល់ថា អាចនឹងជះឥទ្ធិពលមិនល្អដល់ការប្រយុទ្ធប្រឆាំង នឹងការកើនឡើងកម្ដៅផែនដីជាសកល៕
ប្រភពហ្វេសប៊ុក : ក្រសួងបរិស្ថាន