ប្រតិភូរដ្ឋសភាសាធារណរដ្ឋកូរ៉េទស្សនៈកិច្ចនៅអាជ្ញាធរជាតិអប្សរាស្វែងយល់គម្រោងជួសជុលប្រាសាទព្រះពិធូរ

0
57490

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការជំនាញនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េទទួលបន្ទុកការងារអប់រំ កីឡា វប្បធម៌ និងទេសចរណ៍ បានសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងស្វែងយល់ពីគម្រោងជួសជុលប្រាសាទពិធូរ។ គម្រោងជួសជុលប្រាសាទព្រះពិធូរ គឺជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ជាកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ និងបានជម្រាបជូនពីវឌ្ឍនភាពដ៏ប្រសើរនៃគម្រោងជួសជុលប្រាសាទព្រះពិធូរ។ នាពេលនោះដែរ ប្រតិភូគណៈកម្មាធិការជំនាញនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃគម្រោងជួសជុលប្រាសាទព្រះពិធូរនេះ និងសន្យាពិនិត្យលទ្ធភាពបន្ថែមដើម្បីជំរុញគម្រោងជួសជុលនេះឲ្យដំណើរការជាបន្តទៀត។

បន្ថែមលើសនោះ ប្រតិភូក៏បានបញ្ជាក់ថានឹពាំនាំអំពីជោគជ័យទាំងឡាយទៅជូនរដ្ឋសភាសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េដើម្បីបន្តនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតជួយដល់ប្រជាជនកម្ពុជា។

គម្រោងកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទព្រះពិធូរ គឺដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ មានទីតាំងនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ និងគ្រោងបញ្ចប់ជំហានដំបូងក្នុងឆ្នាំ២០១៨។ គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ៕






Facebook Comments
Loading...