ភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅភូមិធម្មជាតិរុនតាឯក ធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបរបរនៅទីនោះ មានការសាទរ និងកំពុងរស់នៅដោយភាពសប្បាយរីករាយ ជាមួយសមិទ្ធផលដែលពួកគេកំពុងទទួលបាន។ កម្រិតជីវភាពនៅទីនោះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា ពិសេសគឺអាចរកចំណូលចូលគ្រួសារបានគ្រប់គ្រាន់ ធ្វើឱ្យកម្រិតជីវភាពរបស់ពួកគេមានភាពធូរធារជាលំដាប់។
ដើម្បីឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើនទៅបាន អាជ្ញាធរជាតិអប្សរាមានគោលដៅចំនួន២ ក្នុងនោះរួមមាន ការអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្ម។ សម្រាប់ការងារកសិកម្មនាពេលបច្ចុប្បន្ន អាចនិយាយបានថា ភូមិធម្មជាតិរុនតាឯក កំពុងជោគជ័យលើវិស័យមួយនេះ ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននិងកំពុងទទួលផលពីវិស័យមួយនេះផងដែរ។
បើក្រឡេកមើលវិស័យកសិកម្ម បច្ចុប្បន្នអ្នកភូមិធម្មជាតិរុនតាឯក កំពុងទាញចំណូលបានច្រើនគួរសម ពីដំណាំម្រុំ។ មានប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ កំពុងដាំម្រុំ ដែលមានក្រុមហ៊ុនមួយជាអ្នកទទួលទិញ និងផ្តល់បច្ចេកទេស។
ម្ចាស់ក្រុមហ៊ុន អេស ភី អិល អ៊ី (S.P.L.E) លោក អ៊ឹង តុងអៀង មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន ដើម្បីទទួលទិញផលិតផលម្រុំពីប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯក។ លោកបញ្ជាក់ថា ខាងភាគីជប៉ុន មុននឹងសម្រេចទទួលទិញផលិតផលម្រុំនេះ ពួកគេបានយកដីពីភូមិទៅពិសោធន៍ ដោយពិនិត្យរកសារធាតុគីមីចំនួនប្រមាណ ២៤០មុខ និងចុងក្រោយបានបង្ហាញថា ដីនៅទីនេះ គ្មានសារធាតុគ្រោះថ្នាក់ណាមួយដែលប៉ះពាល់ដល់សុខភាពឡើយ ទើបពួកគេសម្រេចទទួលផលិតផលពីយើង។
លោកបន្ថែមថា ក្រុមហ៊ុន MWSO របស់ជប៉ុន បានទទួលទិញផលិតផលម្រុំពីអ្នកភូមិក្នុងមួយខែចំនួន ១០តោនម្រុំស្រស់ ដែលស្មើនឹង ១តោនក្រោយពេលសម្ងួត។ លោកបន្ថែមទៀតថា គោលបំណងសំខាន់ ដែលក្រុមហ៊ុនរបស់លោក មកវិនិយោគនៅភូមិធម្មជាតិរុនតាឯកនេះ ព្រោះថា ដើម្បីរួមចំណែកអភិវឌ្ឍកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ហើយមួយទៀត ដីនៅតំបន់នេះមានភាពអំណោយផលច្រើនសម្រាប់ដំណាំរុក្ខជាតិម្រុំ។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្តល់បច្ចេកទេសដាំដុះ រួមនឹងដើមទុនកម្រិតទាបគ្មានការប្រាក់ សម្រាប់ប្រជាពលរដ្ឋ ផងដែរ។ ហើយបច្ចុប្បន្ននេះទៀត ក្រុមហ៊ុន អិស ភី អិល អ៊ី កំពុងសាកល្បងដាំដំណាំសណ្តែកផ្កាយ ជាមួយពលរដ្ឋ ១៨គ្រួសារ ដែលមានសហគមន៍កសិកម្មកម្ពុជាជាអ្នកបង្រៀនបច្ចេកទេស និងទទួលទិញផ្តាច់មុខ។
កសិករអ្នកស្រី ទិត្យ អ៊ុច ដែលបាននិងកំពុងទទួលផលពីដំណាំម្រុំ បានឱ្យដឹងថា អ្នកស្រីមានភាពរីករាយ ទៅនឹងអ្វីដែលគ្រួសារអ្នកស្រីកំពុងទទួលបាន។ អ្នកស្រីបន្តថា អ្នកស្រីដាំម្រុំបានមួយឆ្នាំហើយ ហើយក្នុងមួយខែអាចរកចំណូលបានប្រមាណ ៣០០ដុល្លារ។
អ្នកស្រី ទិត្យ អ៊ុច បានរម្លឹកពីការមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកកាលពី៧ឆ្នាំមុន ដែលអ្នកស្រីថា មានភាពលំបាកបន្តិច តែសព្វថ្ងៃអ្នកស្រីមិនចង់ទៅណាទេ ព្រោះមុខរបរនៅទីនេះ អាចឱ្យគ្រួសារអ្នកស្រីដែលមានកូន៣នាក់ក្នុងបន្ទុក រស់នៅបានស្រួល និងមានការមើលខុសត្រូវពីអ្នកជំនាញកសិកម្មដែលបានបណ្តុះបណ្តាលរបស់អាជ្ញាធរជាតិអប្សរានិងមានការផ្តល់ទុនសម្រាប់ការងារកសិកម្មផ្សេងៗផងដែរ។
ចំណែកអ្នកស្រី ស៊ត់ សាលី ជាស្រ្តីមេម៉ាយ មានកូន៣នាក់ ក៏កំពុងរីករាយចំពោះសមិទ្ធផលដំណាំម្រុំនេះផងដែរ។ អ្នកស្រីថា ខ្លួនបានតស៊ូប្រឹងប្រែងចិញ្ចឹមកូនតែម្នាក់ឯង និងបានក្រុមការងារក្នុងគម្រោងភូមិធម្មជាតិរុនតាឯក ខ្នះខ្នែងជួយសព្វបែបគ្រប់យ៉ាង ទើបបានមកដល់សព្វថ្ងៃនេះ ហើយអ្នកស្រីក៏មិនចង់ទៅណាទៀតដែរ ព្រោះស្រឡាញ់ការរស់នៅនៅទីនេះ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំស្រឡាញ់ទីនេះ ពីមុនខ្ញុំមានប្តី រហូតដល់អត់ប្តី ខ្ញុំនៅតែតស៊ូដែរ ខ្ញុំអត់ចង់ទៅណាទៀតទេ ខ្ញុំស្រឡាញ់ដីខ្ញុំ សូម្បីតែដីចម្ការខ្ញុំរាល់ថ្ងៃអត់បានទៅតែមួយថ្ងៃ ក៏ខ្ញុំនឹកដែរ នឹករបស់របររបស់យើង តែដាំហើយគឺចង់ថែទាំឱ្យល្អ»។
ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក មានប្រសាសន៍ថា ទាក់ទងនឹងដំណាំម្រុំ សព្វថ្ងៃមានគ្រួសារប្រមាណ ៣០ កំពុងចូលរួមដាំដុះ នៅលើផ្ទៃដីជិត ១០ហិកតា។ រាល់គ្រួសារនីមួយៗ អាចរកចំណូលបានពី ១០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយខែ ទៅតាមផ្ទៃដីដែលពួកគេដាំដុះ។ ឯកឧត្តមបន្ថែមថា បច្ចុប្បន្នគម្រោងនេះ មានប្រជាជនជាង ១០០គ្រួសារកំពុងរស់នៅ ដោយខ្លះដាំដំណាំម្រុំ សណ្តែកផ្កាយ ចិញ្ចឹមមាន់ ទា និងដាំបន្លែធម្មជាតិ។ល។
តាមការបញ្ជាក់របស់ឯកឧត្តមប្រធានគម្រោង គោលដៅទៅខាងមុខរបស់អាជ្ញាធរជាតិអប្សរា គឺរៀបចំប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកំពុងរស់នៅ និងគ្រួសារបន្ថែមទៀត ដែលគ្រោងនឹងមករស់នៅទីនេះ។ ឯកឧត្តម បញ្ជាក់ថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺរៀងរាល់ឆ្នាំយកប្រជាពលរដ្ឋប្រមាណ១០០គ្រួសារចូលមករស់នៅ ដើម្បីបំពេញនៅក្នុងគម្រោងទីមួយរបស់ខ្លួន ដែលត្រូវការប្រមាណ ៨០០គ្រួសារ។
គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័សក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម។ ផ្ទៃដីសរុបនៃភូមិនេះមានចំនួន ១០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះរួមមាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ហើយភូមិនេះមានបឹងធម្មជាតិដ៏ធំមួយ គឺបឹងជាលា ដែលអាចស្តុកទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្មជាដើម៕