ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោកអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន២៧ដែលមានឈ្មោះក្នុងបញ្ចីចូលរួមប្រកួតកីឡាជាតិលើកទី២ថាសូមឲ្យសហព័ន្ធកីឡាជាតិទាំង២៧ត្រូវណែនាំកីឡាករ-កីឡាការិនីរបស់ខ្លួនដែលចូលរួមការប្រកួតត្រូវចេះឲ្យតម្លៃខ្លួនឯងធំជាងប្រាក់រង្វាន់។
លោកអគ្គនាយកបានបន្ទោសថាកាលការប្រកួតការប្រកួតកីឡាជាតិលើកទី១មានកីឡាករប្រដាល់គុនខ្មែរម្នាក់ដោយរូបគេបានយកមេដាយនិងប្រាក់រង្វាន់ទៅប្រៀបធៀបនឹងស្រាបៀរមួយកេសថាមេដាយមាសនិងប្រាក់រង្វាន់មិនស្មើស្រាបៀរមួយកេះផង។
ទង្វើនេះគឺជាការមិនឲ្យតម្លៃខ្លួនឯងដោយគិតប្រាក់រង្វាន់ធំជាងមេដាយដែលខ្លួនខិតខំប្រឹងប្រែងប្រកួតទៅវិញ។ ព្រោះមេដាយគឺជាចំណុចកំពូលសម្រាប់កីឡាករកីឡាការិនីគ្រប់រូបនៅពេលក្រសួងអប់រំយុវជនប្រកាសជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិពួកគេនឹងមានសិទ្ធិជាប់ជាក់ជាមិនខាន។
លោកបន្ថែមទៀតថាមេដាយនឹងជួយកែប្រែជីវភាពរបស់ពួកគេនៅពេលដែលពួកគេចេញទៅប្រកួតនៅក្រៅប្រទេសឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធនឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តរដ្ឋាភិបាល និងដៃគូឧបត្ថម្ភជាច្រើនទៀត ហើយក៏អាចនឹងមានក្រុមហ៊ុនឯកជនអញ្ជើញមកថតផ្សាយពាណិជ្ជកម្មក៏អាចនឹងមានដែរ ។ទាំងនេះជាឱកាសដើម្បីកែប្រែជីវភាព ។