ខេត្តត្បូងឃ្មុំ ៖នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់ក្រុងសួង បានប្រារព្ធបើកការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម២០ឆ្នាំ ពានរង្វាន់របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជម្រើសជើងឯកថ្នាក់ខេត្តឆ្នាំ២០១៧ និងដើម្បីអបអរសាទថ្ងៃបុណ្យជាតិ ៧ មករា ២០១៨ ក្រោមវត្តមានលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ ក្នុងនោះ មានការចូលរួមពី អនុប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ ព្រមទាំងកីឡាករយ៉ាងច្រើនកុះករ។
លោក កា វចនា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ការប្រកួតកីឡាបាត់ទាត់នេះ ជាការរៀបចំឲ្យក្រុមកីឡាករយើងមកជួបជុំគ្នា រៀនសូត្រពីគ្នាបង្កើតការយល់ចិត្តគ្នា ចេះស្រលាញ់គ្នា រាប់អានគ្នា ផ្លាស់ប្ដូរបទពិសោធន៍គ្នា ពិសេសចងបានចរិកកីឡាករ ដែលមានភាពស្វាហាប់អង់អាចក្លាហាន មានការអភិវឌ្ឍ ទាំងផ្នែករាងកាយ ចិត្តវិទ្យា និងសង្គមវិទ្យាតាមបច្ចេកទេសជំនាញ និងសមត្ថភាពច្បាស់លាស់ ហើយមានអាកប្បកិរិយាប្រកបដោយសីលធម៌ សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយអនវត្តបន្ត អប់រំខ្លួនអោយក្លាយជាកីឡាករគំរូ។ម្យ៉ាងទៀត កម្មវិធីប្រកួតកីឡានេះ មានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ក្នុងនោះ ក្រុមកីឡាករបាលទាត់មកពី ០៧ស្រុក/ក្រុង និងសាកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ សរុបមានចំនួន៨ក្រុម សរុបកីឡាករចំនួន១៤៤នាក់ អ្នកដឹកនាំគ្រូបង្វឹកចំនួន ២៤នាក់ ផងដែរ ។
ក្នុងពិធីនោះដែរ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ ការប្រកួតកីឡាបាល់ទាត់ថ្នាក់ខេត្តនាពេលនេះ គឺដើម្បីអបអរសាទថ្ងៃបុណ្យជាតិ ៧ មករា ២០១៨ ដែលរៀបចូលមកដល់នាថ្ងៃខាងមុខ សមិទ្ធផលនិងការរីកចម្រើនរុងរឿងលើគ្រប់វិស័យទាំងនេះ គឺពិតជាបានកើតឡើងដោយស្មារតី ៧ មករា ដែលជាថ្ងៃមិនអាចបំភ្លេចបាន ធ្វើឲ្យយើងទាំងអស់គ្នា ត្រូវតែរំលឹកឡើងវិញជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត បើគ្មានថ្ងៃ៧ មករានោះទេ អ្វីៗដែលកើតមានឡើងជាសមិទ្ធផល គ្រប់វិស័យដូចសព្វថ្ងៃគឺពុំមានឡើយ ព្រោះថាក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបមួយមានតែការបំផ្លិចបំផ្លាញ់ កាប់សម្លាប់ ធ្វើបាប់មានទណ្ឌកម្មធ្ងន់ធ្ងរអង្អត់អាហារ ឲ្យរស់នៅស្ទើស្លាប់ស្ទើរស់ ក្នុងសម័យនោះ គ្មានវិស័យអប់រំទេ ហើយសាលារៀននិងគ្រឹះស្ថានសិក្សាដែលមានពីសម័យមុនត្រូវពួកវាទុកធ្វើជាគុក ដាក់ជីចិញ្ជឹមសត្វ ឬក៏រុះរើសដុតបំផ្លាញខ្ទេចខ្ទីអស់ ធ្វើអោយប្រជាពលរដ្ឋធ្លាក់ខ្លួន ក្នុងភាពអវិជា្ជល្ងង់ខ្លៅមិនដែលដឹងមិនដែលយល់ពីរឿងអ្វីសោះឡើយ។
លោក អ៊ិន ពៅសម្បត្តិ ផ្ដាំផ្ញើដល់កីឡាករទាំងអស់ថា ធម្មតាពេលប្រកួតក្រុមនីមួយៗ ឬកីឡាករម្នាក់ៗតែងតែចង់បានការឈ្នះរៀងៗខ្លួន តែការឈ្នះរបស់យើងត្រូវតែផ្អែកលើកត្តាខ្លះ ដូចជាបទពិសោធន៍ បច្ចេកទេសនៅពេលប្រកួត បទប្បញ្ញាតិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត ភាពសាមគ្គីពេលប្រកួតនិងលទ្ធផលទទួលបាន។ លោក បានសូមណូមពរ ដល់កីឡាករទាំងអស់ ត្រូវជៀសវាងឲ្យបាននូវបាតុភាពធ្វើឲ្យប៉ះពាល់ដល់រាងកាយ ផ្លូវចិត្ត ទៅដល់ភាគីម្ចាងទៀត ដោយបង្កឲ្យមានរបួសស្នាម ឬពោលពាក្យមិនសមរម្យ ដែលជាបច្ច័យគំរូអាក្រក់នេះអោយសោះ ព្រោះការប្រកួតគ្រាន់តែជាការវាស់សមត្ថភាព ទេពកោស្យរបស់ម្នាក់តែប៉ុណ្ណោះ។
ការប្រកួតមិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយ ចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយា ប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះ គួរតែកីឡាករម្នាក់ៗ អនុវត្តឲ្យបាននៅពេលប្រកួតម្ដងៗ៕