សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ដែលមាន ចរឹតជាលក្ខខណ្ឌផង ជាការគំរាមផង គឺជាការរំលោភយ៉ាងជាក់ស្តែងចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាការ បំពានយ៉ាងកំរោលទៅលើគោលការណ៍ឯករាជ្យជាតិ អធិបតេយ្យជាតិ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅ ដល់ដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនៅកម្ពុជា ។
សេចក្តីថ្លែងការណ៍នោះ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ដោយគ្មាន លក្ខខណ្ឌ ការដាក់ឲ្យដំណើរការឡើងវិញ គណបក្សសង្គ្រោះជាតិ ការអនុញ្ញាតិឲ្យសង្គមស៊ីវិល និងប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនបន្តសកម្មភាពដដែល ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១….បើមិនដូច្នោះទេ អាមេរិកនឹងចាត់វិធានការមិនផ្តល់ទិដ្ឋាការដល់បុគ្គលមួយចំនួន ដែលជាអ្នកទទួលខុសត្រូវធ្វើឲ្យ ប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។ អាមេរិកដែលកំពុងតាំងខ្លួនធ្វើជាម៉ែឪរបស់កម្ពុជា ថែមទាំងគំរាមទៀតថា គេនឹងបន្តតាមដានស្ថានការណ៍ និងចាត់វិធានការថែមទៀតតាមការចាំបាច់ ។
គ្មានអ្វីគួរឲ្យសង្ស័យទេ បើផ្អែកតាមសេចក្តីថ្លែងការណ៍នេះ ជាមួយនឹងសម្តីសារភាពរបស់ កឹម សុខា កាលពីឆ្នាំ២០១៣ គឺអាមេរិកនេះឯងហើយ ជាមេក្លោងពិតប្រាកដគូសវាសផ្លូវដើរសម្រាប់ឲ្យជនក្បត់ជាតិធ្វើសកម្មភាពតាមរយៈចលនាបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ យើងចង់ឆ្លើយតបទៅអាមេរិកវិញអំពីលក្ខខណ្ឌដែលពួកគេបានលើកឡើង៖
១- អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសៈ ពាក្យនេះមានតែគណបក្សប្រឆាំងទេ ដែលឧស្សាហ៍និយាយ ហើយយើងកម្រឮពាក្យនេះលេចចេញពីក្រអូមមាត់របស់អាមេរិកណាស់ ។ ក្រោយពេលដែលគណបក្ស ប្រឆាំងត្រូវរំលាយ ទើបអាមេរិកបញ្ចេញពាក្យនេះមក…..ល្ងង់ដូចគ្នា ។ យើងទទួលស្គាល់ថា ជាគោលការណ៍ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានរួមចំណែកសំខាន់ក្នុងការបញ្ចប់ជម្លោះនៅកម្ពុជា ការជួយពូនជ្រុំប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែលូតលាស់ ។ ប៉ុន្តែស្មារតីនៃកិច្ចព្រមព្រៀងនេះត្រូវបានរំលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាកាលពីឆ្នាំ១៩៩៣ រួចស្រេចទៅហើយ ។ អ្នកដែលធ្វើសកម្មភាពរំលោភទៅលើរដ្ឋធម្មនុញ្ញ គឺស្មើនឹងការរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយពួកនេះគេចមិនផុតពីការអនុវត្តវិធានការច្បាប់ទេ ជាក់ស្តែងគឺករណីនៃអតីតគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយប្រឆាំងមួយចំនួនដែលជាជនក្បត់ជាតិ ។
២- អំពីករណី កឹម សុខាៈ ជននេះបានធ្វើការសារភាពផ្ទាល់ដោយខ្លួនឯងអំពីការឃុបឃិតគ្នាជាខ្សែសង្វាក់ជាមួយអាមេរិក រៀបចំផែនការសម្ងាត់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ និងមានការទទួលស្គាល់ជាអន្តរជាតិ ។ ទង្វើរបស់ កឹមសុខា និងបក្ខពួក គឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរ និងមិនអាចអត់អោនឲ្យបានឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ និងមហន្តរាយធំធេងមិនអាចប៉ាន់ប្រមាណបានឡើយ ប្រសិនបើសមត្ថកិច្ចមិនបង្ក្រាបបានទាន់ពេលវេលា ។ អំពើក្បត់ជាតិរបស់ កឹម សុខា នឹងត្រូវទទួលការផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ មាត្រា៤៤៣ នេះបានចែងច្បាស់ថា៖ «បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ។ បទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ) ទៅ៣០(សាមសិប)ឆ្នាំ» ។
៣- ការរំលាយចោលគណបក្សសង្គ្រោះជាតិៈ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចរំលាយចោល ចំណែកមន្ត្រីថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ ការសម្រេចនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់យ៉ាងច្បាស់លាស់ ហើយក៏បានឆ្លុះបញ្ចាំងឲ្យឃើញទៀតថា សាលដីការបស់តុលាការកំពូលនេះបានរួមចំណែកដល់ការពង្រឹង ការគោរព និងការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងការពារសន្តិភាព និងការអភិវឌ្ឍដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសេចក្តីថ្លៃថ្នូររបស់ជាតិ ព្រមទាំងប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ពួកបរទេសទៀតផង ។
៤- អំពីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនៈ បច្ចុប្បន្ននេះនៅប្រទសកម្ពុជាមាន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រៅប្រទេសមានជាង៣០០០ ដែលបានចុះបញ្ជីត្រឹមត្រូវ និង កំពុងប្រតិបត្តិការ ។ អង្គភាពសារព័ត៌មានជាតិ និងអង្គភាពសារព័ត៌មានបរទេសមានចំនួន៥៣០អង្គភាព ក្នុងនោះកាសែត ផ្សាយជាភាសាខ្មែរចំនួន១៣៩អង្គភាព កាសែតផ្សាយជាភាសាបរទេស៤៣អង្គភាព ទស្សនា វដ្តី៣០៦ អង្គភាព និងព្រឹតិបត្រព័ត៌មាន៤២អង្គភាព ។ វិទ្យុមានចំនួន២១១ស្ថានីយ៍ ក្នុងនោះវិទ្យុបរទេស១០ស្ថានីយ៍ ទូរទស្សន៍ផ្សាយផ្ទាល់២១ស្ថានីយ៍ ទូរទស្សន៍ផ្សាយបន្ត១១២ស្ថានីយ៍ ទូរទស្សន៍ផ្កាយរណប១ស្ថានីយ៍ ទូរទស្សន៍ឌីជីថល(Pay-TV)៥ស្ថានីយ៍ ទូរទស្សន៍អនឡាញ៥៨អង្គភាព ។ ការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេស ប្រចាំការអចិន្ត្រៃយ៍មាន២១អង្គភាព ។
ដោយឡែកករណីកាសែត The Cambodia Daily គឺកាសែតនេះបានប្រព្រឹត្តិល្មើសលើបទបញ្ញតិស្តីពីពន្ធដារ ដោយមិនបានប្រកាសបង់ពន្ធតាំង ពីឆ្នាំ២០០៧មក ។ ជនជាតិណាក៏ដោយរាប់ទាំងប្រជាជនកម្ពុជាខ្លួនឯងត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដែលមានចែងក្នុងច្បាប់ ។ នៅគ្រប់ប្រទេសទាំងអស់រាប់ទាំងសហរដ្ឋអាមេរិកផង អ្នកជំនួញ ហើយក៏មានសិល្បករ និងកីឡាករសុទ្ធតែមានកាតព្វកិច្ចបង់ពន្ធ ដែលកន្លងមកមានក្រុមហ៊ុន និងសិល្បករ កីឡាករល្បីៗ តែងប្រឈមមុខផ្លូវច្បាប់ដោយសារតែគេចវេសមិនបង់ពន្ធ ។ មានស្ថាប័នព័ត៌មានបរទេសមួយចំនួនបានប្តឹងទៅក្រសួងព័ត៌មានទាមទារឲ្យកាសែត The Cambodia Daily បង់ពន្ធជូនរដ្ឋដូចពួកគេដែរ ដើម្បីបង្កើតសមធម៌ក្នុងចំណោមអ្នកបង់ពន្ធ ។
កាសែតនេះបានចំណូលមកពីការផ្សាយពាណិជ្ជកម្មជាច្រើន ដែលមានក្រុមហ៊ុនខ្លះតម្រូវឲ្យមានការដេញថ្លៃជាអន្តរជាតិ ។ ករណីកាសែត The Cambodia Daily ពាក់ព័ន្ធតែជាមួយកាតព្វកិច្ចនៃការបង់ពន្ធតែប៉ុណ្ណោះ មិនទាក់ទងទៅនឹង សេរីភាពនៃសារព័ត៌មានទេ ។ ចំពោះករណីអង្គការ NDI រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់សកម្មភាព អង្គការនេះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ព្រោះបានប្រព្រឹត្តិខុសទៅនឹងច្បាប់ ស្តីពីសមាគមន៍ និងអង្គ ការមិនមែនរដ្ឋាភិបាលដែលចូលជាធរមានតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ប៉ុន្តែ NDI មិនបានដាក់ ពាក្យសុំចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទេ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦ ទើបដាក់ពាក្យសុំ ។ ប៉ុន្តែក្នុងអំឡុងពេលរង់ចាំការសម្រេចចុះបញ្ជីពីសំណាក់ក្រសួងការបរទេស ក៏ NDI មិនបានផ្អាកសកម្មភាពរបស់ខ្លួនដែរ ។
រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចាត់វិធានការបែបនេះ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណា ដែលមិនគោរពតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងច្បាប់ផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាដៃគូសហការស្មោះត្រង់ធ្វើសកម្មភាពស្របច្បាប់ ដើម្បីផលប្រយោជន៍សង្គមជាតិយើង ។
យើងសង្ឃឹមថា អាមេរិកនឹងយល់បានអំពីរឿងនេះ ហើយបញ្ឈប់ការតាំងខ្លួនជាសត្រូវជាមួយប្រជា ជនកម្ពុជា បញ្ឈប់ការតាំងចិត្តធ្វើជាម៉ែឪរបស់កម្ពុជា ដកខ្លួនចេញឲ្យឆ្ងាយពីការឈរធ្វើជាអ្នកតំណាងឲ្យ គណបក្សប្រឆាំងមួយដែលត្រូវបានរំលាយចោលដោយច្បាប់ ឈប់ធ្វើជាអ្នកនាំពាក្យឲ្យពពួកជនក្បត់ជាតិ នៅកម្ពុជា ។ អាមេរិកត្រូវរួមចំណែកជួយលើកស្ទួយដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែបោះ ជំហានទៅមុខខ្លាំងក្លាថែមទៀត ។ ជាមួយគ្នានេះ អាមេរិកក៏ត្រូវតែដឹង ត្រូវតែស្គាល់ ត្រូវតែយល់ឲ្យច្បាស់ អំពីកម្ពុជា គឺថា៖ រាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស និងការគោរព សិទ្ធមនុស្សដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប៉ុន្តែរក្សាសិទ្ធដាច់ខាតក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី មិនអនុញ្ញាតិឲ្យមានការជ្រៀតជ្រែក ការរំលោភបំពាន និងការបង្គាប់បញ្ជាណាមួយឡើយ ៕
ដោយៈ លី ទួង