ភ្នំពេញ: សហព័ន្ធកីឡាកាយសម្ព័ន្ធបើកការប្រកួតដណ្ដើមពានរង្វាន់លោកថោង ខុនលើកទី ១ នោះសហព័ន្ធនេះក៏បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកម្រិតមូលដ្ឋានរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២៤ដល់២៦វិច្ឆិកា ។ លោកអគ្គលេខាធិការបានប្រកាសជាមុនថា សម្រាប់ឆ្នាំនេះលុយរង្វាន់នឹងត្រូវបង្កើនទ្វេរដង។ បណ្ដាឆ្នាំកន្លងមកអ្នកដែលបានចំណាត់ថ្នាក់លេខ ១ បានរង្វាន់១៥០.០០០រៀលតែឆ្នាំនេះសហព័ន្ធបង្កើនដល់៣០០.០០០រៀល ។ចំណាត់ថ្នាក់លេខ ២រាល់ឆ្នាំបាន១០០.០០០រៀលឆ្នាំនេះបង្កើនដល់២៥០.០០០រៀល និង ចំណាត់ថ្នាក់លេខ ៣ដែលរាល់ឆ្នាំបាន៨០.០០០រៀលនោះឆ្នាំនេះនឹងបង្កើនដល់១៥០.០០០រៀល ។
លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា វគ្គនេះឧទ្ទេសនាមដោយលោកសោ សុផេង និង លោកវាស សារិទ្ធ ។ សិក្ខាកាមមានចំនួន២០រូបដែលមកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តក្រចេះ និង ខេត្តកំពង់ឆ្នាំង ។
ចំពោះការប្រកួតដណ្ដើមពានរង្វាន់លោកថោង ខុនលើកទី ១ និង ជាការប្រកួតជើងឯកជាតិផងនោះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៨០រូបមកពីរាជធានីភ្នំពេញ កំពង់ឆ្នាំង ក្រចេះ តាកែវដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី ២៤ដល់ថ្ងៃទី២៩វិច្ឆិកា ។
កាយសម្ព័ន្ធមាន ២ ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic) និង កាយសម្ព័ន្ធអាទីស្ទិក (Artistic Gymnastic) ។សម្រាប់កាយស្ព័ន្ធអាទីស្ទិកមានតែសម្រាប់បុរសប៉ុណ្ណោះដែលក្នុងនោះមានវិញ្ញាសាសំដែង លើឧបករណ៍ទាំង៥គឺលើកម្រាល សេះលោត សេះកង របារស្រប កង និង លើរបារនឹង ។វិញ្ញាសាជំនាញជាមួយ ឧបករណ៍សេះលោតVaulting Table man)ឧបករណ៍ជំនាញសេះកង(Pommel Hors)ជំនាញលើកម្រាល(Floor Man) ជំនាញកង(Ring) ជំនាញរបានឹង(High Bar)ជំនាញរបារស្រប(Parrallel Bars) និង សំដែងជាក្រុម៦នាក់ ។
ចំពោះវិញ្ញាសាអាអេរ៉ូប៊ិកវិញនោះមានអាអេរ៉ិកឯកត្តជនបុរស(Man Individual) ឯកត្តជននារី(Woman Individual)គូចម្រុះបុរស-នារី(Mix Pair)អាអេរ៉ូប៊ិកទ្រីយ៉ូបុរស-នារី(Trio) និង សំដែងជាក្រុម ៥ នាក់ ។
គួរបញ្ជាក់ថាការប្រកួតឆ្នាំនេះសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជាចំណាយថវិកាអស់ប្រមាណ៦៣លានរៀល ។