តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរ៉ូប៊ូឌួ។
ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់មួយចំនួនដូចជា តួនាទីនិងបេសកកម្មនៃអាជ្ញាធរជាតិអប្សរា ការងារអភិរក្សជួសជុលប្រាសាទ ការគ្រប់គ្រងបរិស្ថានអង្គរ ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍន៍ទេសចរណ៍អង្គរ។
ប្រធានប្រតិភូ លោក Rino Wicaksono បានបង្ហាញអំពីគោលបំណងនៃក្រុមការងាររបស់លោកថា ប្រាសាទបូរ៉ូប៊ូឌួ (Borobudur) គឺជាប្រាសាទទោលដ៏ល្អឯករបស់ប្រទេសឥណ្ឌូណេស៊ី តែយើងទទួលបានភ្ញៀវទេសចរណ៍តែក្នុងរវាង៤ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ “យើងមកទីនេះដើម្បីរៀនសូត្រពីរបៀបគ្រប់គ្រងរមណីយដ្ឋានអង្គរ ជាពិសេស គឺការគ្រប់គ្រងភ្ញៀវទេសចរណ៍ ដែលមកទស្សនាអង្គរជារៀងរាល់ឆ្នាំ។ យើងសង្ឃឹមថា ជំនួបលើកនេះ គឺជាការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អនាពេលអនាគតយូរអង្វែងរវាងរមណីយដ្ឋានអង្គរ និងប្រាសាទបូរ៉ូប៊ូឌួនៃប្រទេសឥណ្ឌូណេស៊ី”។ លោកបន្ថែមថា លោកនឹងធ្វើរបាយការណ៍នៃជំនួបនេះដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានាធិបតីរបស់លោក ដើម្បីបន្តការងារលើកិច្ចសហប្រតិបត្តិការនេះ។
ឯកឧត្តម សុខ សង្វារ បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរាតែងរីករាយនឹងការចែករំលែក និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ខ្លួនជាមួយនឹងបណ្តាប្រទេសដទៃជានិច្ច។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរាពិតជារីករាយក្នុងការបន្តលើកិច្ចសហប្រតិបត្តិការជាផ្លូវការ ដែលអាចនឹងកើតមាននាពេលខាងមុខនេះ រវាងរមណីយដ្ឋានអង្គរ និងប្រាសាទបូរ៉ូប៊ូឌួ។
ឯកឧត្តមក៏បានបង្ហាញដល់គណៈប្រតិភូអំពីដំណាក់កាលវិវត្តន៍សំខាន់ៗ នៃរមណីយដ្ឋានអង្គរដូចជា ការដាក់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ១៩៩២ ការបង្កើតគណៈកម្មាធិការ ICC-Angkor ការកំណត់ព្រំរមណីយដ្ឋានអង្គរ ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។
ជាមួយគ្នានេះដែរ ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីក៏បានធ្វើបទបង្ហាញជូនមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាអំពីការងារគ្រប់គ្រងនៅប្រាសាទបូរ៉ូប៊ូឌួ និងការគ្រប់គ្រងទេសចរណ៍នៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយអាជ្ញាធរជាតិអប្សរា៕