សម្ដេចតេជោហ៊ុនសែន ចាត់ទុក លោកដូណាល់ត្រាំ ជាមនុស្សអស្ចារ្យបំផុត

0
34550

ភ្នំពេញ៖ ដំបូងខ្ញុំសូមសំដែង នូវការឯកភាពជាមួយ នឹងឯកឧត្តមនាយក រដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលធ្វើការបូកសរុប។ អម្បាញ់មិញ ក៏ជាការឆ្លើយតបដ៏អស្ចារ្យមួយរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ។ឯកឧត្តមប្រធានាធិបតីឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យមួយសំរាប់ខ្ញុំ ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថាប្រហែលជាឱពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់ឮសំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ដែលបាននិយាយនៅឯអង្គការសហប្រជាជាតិ និយាយនៅ APEC ហើយនិយាយនៅថ្ងៃនេះ។ នៅត្រង់ថា ឯកឧត្តម បាននិយាយ យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក យើងចង់ឱ្យអ្នកខ្លាំង រីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់រឹសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នកនិងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង។ ខ្ញុំគិតថា ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះខ្ញុំក៏គួរបញ្ជាក់ជូនបន្តិចក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទរវាងទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយប្រទេសដទៃទៀត។

ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១០០នាក់ដែលពេលនោះនៅកម្ពុជាគេចាត់ទុកថាឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែខ្លួនខ្ញុំ ស្ថិតនៅក្នុងចំណោម ១ ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្តម ជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែខ្ញុំបែរជាទទួលនូវការវ៉ៃប្រហារ ពីប្រធានបក្សប្រឆាំងថាសត្វដែលមានរោមដូចគ្នាវានៅក្នុងសំបុកជាមួយគ្នាបាន។ ដូណាល់ ត្រាំ គឺជាអ្នកផ្តាច់ការដោយសារលុយ ឯ ហ៊ុន សែន ជាអ្នកផ្តាច់ការ ដោយសារលុយនិងអាវុធ។ ឯសាស្ត្រាចារ្យខ្មែរម្នាក់ ដែលជាសាស្ត្រាចារ្យ នៅសហរដ្ឋអាមេរិក គេបាននិយាយថា បើ ដូណាល់ ត្រាំ ឈ្នះឆ្នោត គឺជាយុគសម័យនៃការរះឡើងនៃពួកអវិជ្ជា។ អញ្ចឹងទេ ខ្ញុំបានក្លាយជាមុខសញ្ញានៃការវ៉ៃប្រហារ។ ក៏ប៉ុន្តែ ខ្ញុំមានមោទនភាពដោយសារអ្វីដែលខ្ញុំបានប្រកាសនៅមុនការបោះឆ្នោត គឺឯកឧត្តម ក្លាយទៅជាអ្នកឈ្នះពិត។ ប៉ុន្តែ សូមកុំភ្លេចថា ចៅរបស់ខ្ញុំត្រូវបានគេបង្ហាត់បង្រៀនឱ្យស្អប់ឯកឧត្តម។ នេះបង្ហាញឱ្យឃើញថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រិត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមានអព្យាក្រិត្យទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង។ចំណុចនេះខ្ញុំចង់ជម្រាបជូនឯកឧត្តមថាសហរដ្ឋអាមេរិកបើសិនជាអនុវត្តតាមគោលនយោបាយថ្មីរបស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ អធិបតេយ្យភាពនៃប្រទេសដទៃ សហរដ្ឋអាមេរិកនឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងគេស្រឡាញ់។

ក៏ប៉ុន្តែរយៈពេលកន្លងទៅនេះ ខ្ញុំសូមជម្រាបថា ប្រទេសនៅទីនេះ ខ្ញុំគិតថាគ្រាន់តែមានអ្នកហ៊ាននិយាយនិងមិនហ៊ាននិយាយតែប៉ុណ្ណោះ គឺនៅត្រង់ថា រដ្ឋកាលមុនៗ គេបានប្រើប្រាស់នូវ លទ្ធិប្រជាធិបេតយ្យនិងសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត ឥឡូវកំពុងត្រូវបន្តក្លាយជាជនរងគ្រោះដោយសារតែសកម្មភាពរបស់អ្នកខាងក្រោមដែលដើរខុសពីបន្ទាត់នយោបាយរបស់ឯកឧត្តម។ នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានធ្វើការកែប្រែទេ យើងខ្ញុំត្រូវការកសាងច្បាប់ គេមករារាំងការកសាងច្បាប់ យើងខ្ញុំអនុវត្តច្បាប់របស់ប្រទេស ត្រូវបានគេរារាំង។ ចំណុចនេះ ខ្ញុំគិតថាប្រហែលជាឯកឧត្តម ត្រូវមានភារកិច្ចដើម្បីដាស់តឿនជាមួយនឹង មន្ត្រីទាំងឡាយ ព្រោះរឿងនេះជាគោលការណ៍ធំណាស់ ទាក់ទងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគេ។ ហើយខ្ញុំក៏សូមបញ្ជាក់ជូនឯកឧត្តមផងដែរថាបញ្ហាបំណុលកម្ពុជាមានជាមួយសហរដ្ឋអាមេរិកគឺជាបញ្ហាមួយដែលខ្ញុំធ្លាប់និយាយជាមួយប្រធានាធិបតីអូបាម៉ា។រឿងនេះវាដូច្នេះគឺនៅត្រង់ថាកម្ពុជាត្រូវបានទម្លាក់ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយសហរដ្ឋអាមេរិកហើយបានក្លាយទៅជាប្រទេសដែលជំពាក់បំណុលសហរដ្ឋអាមេរិក ហើយបំណុលនោះទៀតសោត គឺយើងខ្ញុំជាអ្នកទទួលមរតក ដូច្នេះយើងខ្ញុំត្រូវមានភារកិច្ចសង។ យើងខ្ញុំបានស្នើសុំថាយើងខ្ញុំសង ប៉ុន្តែសុំស្នើឱ្យអាមេរិកបង្វែរបំណុលនោះមកជួយដល់កម្ពុជាវិញ។ ចំណុចនេះគឺជាចំណុចដែលយើងខ្ញុំស្នើសុំឱ្យឯកឧត្តមធ្វើការពិចារណា ព្រោះថា វាដូចជាការយកញញួរមកវ៉ៃ យើងខ្ញុំហើយ ហើយឱ្យយើងខ្ញុំសងថ្លៃញញួរនោះទៅទៀត។ ព្រោះជំនួយនេះ មិនដឹងថាគេយកមកធ្វើអីហើយគេទិញអាវុធមកធ្វើសង្គ្រាមនៅកម្ពុជាក្នុងពេលដែលយើងខ្ញុំនៅក្មេងៗនៅឡើយ។ប៉ុន្តែមរតករដ្ឋយ៉ាងណាក៏ដោយយើងខ្ញុំត្រូវតែគោរព។ ខ្ញុំគិតថា ឯកឧត្តមប្រធានាធិបតី មិនប្រកាន់នឹងខ្ញុំទេ ខ្ញុំមិនដឹងថា តើឯកឧត្តម ដូចខ្ញុំ ឬខ្ញុំដូច ឯកឧត្តមទេ ? ព្រោះថាជាមនុស្សដែលចូលចិត្តនិយាយត្រង់ដូចគ្នា ប៉ុន្តែដោយសារឯកឧត្តម ជាមនុស្សចាស់ ខ្ញុំដូចឯកឧត្តមទៅវិញ។ កាលពីឆ្នាំទៅ ខ្ញុំក៏បាននិយាយជាមួយ ឯកឧត្តម ឌូទឺតេ ដូចគ្នាដែរ តើឯកឧត្តម ឌូទឺតេ ដូចខ្ញុំ ឬខ្ញុំដូចឯកឧត្តម ឌូទឺតេ? ព្រោះពិតមែនតែខ្ញុំ ធ្វើជានាយករដ្ឋ- មន្ត្រីយូរឆ្នាំ មុនឯកឧត្តម ឌូទឺតេ មុនឯកឧត្តមប្រធានាធិបតី ក៏ប៉ុន្តែ ដោយសារខ្ញុំមានអាយុតិចជាង អញ្ចឹងទេខ្ញុំសូមអធ្យាស្រ័យនៅអ្វីដែលខ្ញុំបានលើកនៅទីនេះ ដែលវាខុសនឹងប្រធានបទ។ប៉ុន្តែចំណុចការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនេះ ជាចំណុចសំខាន់ណាស់ នៅក្នុងគោលនយោ- បាយការបរទេសរបស់សហរដ្ឋអាមេរិកហើយអាមេរិកអាចនឹងមានដៃគូនិងមិត្តភក្តិដ៏ជាទីស្រលាញ់របស់ខ្លួនកាន់តែច្រើនហើយពេលនោះសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគនានា នឹងចាប់ផ្តើមពីជំនឿទុកចិត្តនេះឯង៕

image

Facebook Comments
Loading...