បន្ទាយសំរែ ៖ ជាប្រាសាទតូចតែមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត

0
33250

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ប្រហែល២០០ម៉ែត្រ និងមានចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិប្រដាក។

បន្ទាយសំរែស្ថិតនៅក្នុងរចនាបថអង្គរវត្ត ស្ថាបនាឡើងក្នុងសម័យដំណាលគ្នានឹងប្រាសាទអង្គរវត្តដែរ ពោលគឺនៅពាក់កណ្តាលទី១នៃសវទី១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា។

ទម្រង់ស្ថាបត្យកម្មនៃប្រាសាទនេះមានរាងស្ទើរជាបួនជ្រុង ហ៊ុព័ទ្ធដោយកំពែងថ្មបាយក្រៀមពីរជាន់ ដោយមានប្រាង្គកណ្តាលមួយ និងហោត្រៃពីរនៅឈមមុខនឹងប្រាង្គកណ្តាល។ ទម្រង់ប្លង់ស្ថាបត្យកម្ម និងក្បាច់ចម្លាក់ប្លែកពីប្រាសាទអង្គរវត្ត លើកលែងតែប្រាង្គកណ្តាល និងបង្កាន់ដៃនាគមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងប្រាសាទអង្គរវត្ត។

តាំងពីឆ្នាំ១៩៣០មក សាលាបារាំងចុងបូព៌ាប្រទេសបានចូលទៅត្រួសត្រាយសម្អាតផ្លូវ និងបរិវេណជុំវិញប្រាសាទនេះ។ នៅចន្លោះឆ្នាំ១៩៣៦-១៩៤៤ បុរាណដ្ឋានបន្ទាយសំរែទទួលបានការទល់ទ្រ និងពង្រឹងដោយផ្នែកខ្លះ។ កិច្ចគាំពារ និងអភិរក្សនៅសម័យនោះ បានប្រើសម្ភារៈដែកសម្រាប់ធ្វើជាស្នូលដែកទាម និងប្រើបេតុងសម្រាប់ជាជើងទម្រ។ល។

ចាប់ពីឆ្នាំ២០១៥មកទល់នឹងបច្ចុប្បន្ន ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលនិងថែរក្សាបង្កាន់ដៃនាគ និងផ្តែរចំនួនពីរនៅតួប៉មកណ្តាល។ កិច្ចការជួសជុលនេះធ្វើឡើងដោយអ្នកជំនាញខ្មែរសុទ្ធ ដែលទទួលបានការបណ្តុះបណ្តាល និងបទពិសោធន៍ការងារពីស្ថាប័នអន្តរជាតិដូចជា GACP របស់អាឡឺម៉ង់ជាដើម៕

Facebook Comments
Loading...