ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

0
158869

ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញប្រកបដោយភាពសប្បាយរីករាយនាថ្ងៃទី២ ៣ និង៤ ខែតុលានេះ KNV សូមលើកយកប្រវត្តិនៃពិធីបុណ្យនេះជូនប្រិយមិត្តអ្នកអានបានជ្រាប ។

8015c81601e875dfe54d27932333d273ae2ee89d

ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីរបស់ប្រជារាស្ត្រខ្មែរដែលធ្លាប់ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាល ។

ប្រភពពិធីបុណ្យប្រណាំងទូក
ប្រវត្តិនៃបុណ្យអុំទូកមានតាំងពីយូរលង់ណាស់មកហើយ គឺមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹកនៃប្រាសាទអង្គរ ។ សូមបញ្ជាក់ថាអុំទូកនេះមានការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏មាន ប្លែកៗគ្នាដែរ ។

តាមសៀវភៅ «ជ័យវរ្ម័នទី៧» មានក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត ពីដើមចែងថា ៖
នៅសម័យអង្គរនាសតវត្សទី១២កម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ដោយព្រះបាទជ័យវរ្ម័នទី៧ស្តេចចេញធ្វើសឹកសង្គ្រាមជើងទឹកបង្ក្រាបពួកចាមដោយកងទ័ពទូកជាចំបាំងដោះក្រុងកម្ពុជាឱ្យរួចផុតពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១ ) រឿងចំបាំងគ្រានោះមាន ឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន្តនិងបន្ទាយឆ្មារ។ ក្នុងចំបាំងនោះគេឃើញមានកងទ័ពទូកជាច្រើនមហិមាដែលមានព្រះឆាយាលក្ខ័ណ៍នៃព្រះបាទជ័យវរ្ម័នទី៧ប្រថាប់ឈរលើទីតាំងនាវាចំបាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។

តាមឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់និពន្ធដោយលោកថាច់ ប៉ែន ហៅប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំងកម្ពុជាក្រោម ៖
សម័យលង្វែកព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គច័ន្ទ១ទ្រង់តាំងពញាតាតងារជាសិទ្ធិភូបាលជាស្តេចត្រាញ់ នៅកម្ពុជាក្រោម ស្រុកបាសាក់ ។ ស្តេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅ ៖

ទាហានជើងទឹកចែកជា ៣ក្រុម
-ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ ។
-ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូច ទូកប្រណាំង សព្វថ្ងៃ ។
-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវមានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ហៅទូកទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខ តែឥតជញ្ជាំង ។ល។ ជាទូទៅដាក់ស្បៀង អាហារសម្រាប់កងទ័ព ។ របៀបហាត់ចំបាំងតាមទំនៀមទម្លាប់់ស្តេចត្រាញ់ កម្ពុជាក្រោម ស្តេចលើមន្ត្រី៤ទិស ចតុស្តម្ភ ដែលនៅក្រោមឱវាទលោកសិទ្ធិភូបាលស្តេចត្រាញ់ គ្រប់ជំពូកដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិតរដូវអកអំបុកនោះ មន្ត្រីទាំង៤ទិសត្រូវកេណ្ឌទាហានជើងទឹក ទាំងជើងគោកសមយុទ្ធ មួយថ្ងៃមួយយប់រាល់ឆ្នាំ ។

ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោក្នុងខេត្តឃ្លាំង ដ្បិតទីនោះជាទីប្រជុំទឹកគ្រប់ខេត្ត និងទៅមកបានស្រួល ។

តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានវិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ព ដែលនេះជាប្រពៃណីជាប់ជារៀងរាល់ ឆ្នាំ ។ យើងអាចសន្និដ្ឋានទៀតថាយើងធ្វើពិធីនេះរៀងរហូតមកពីជាប់តំណសមយុទ្ធក្នុងសម័យបុរាណនោះឯង ។
តាមឯកសារខ្លះបានសរសេរថា ៖ ពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីដ៏ធំមួយនៅប្រទេសកម្ពុជា ។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលបុណ្យ ប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា «សាំងហ្សង់» ដែលបច្ចុប្បន្ន ប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។

ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។ ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណងដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅនិងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱ្យកករល្អក់ ។

ការបកស្រាយចុងក្រោយនេះគឺវាដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាហើយក៏ស្របទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង ។ ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃ ពេញបូណ៌មីខែកត្តិកស្របទៅនឹងពេលបញ្ចប់រដូវទឹកជំនន់ដែលក្នុងរយៈពេលប៉ុន្មានខែមកនេះបានធ្វើឱ្យបឹងបួរ ទន្លេទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ថាប៉ុន្មានសប្តាហ៍កន្លងមកហើយដែលទឹកទន្លេសាបហូរត្រឡប់មកវិញ និងជាក្តីបញ្ជាក់ទៀតផងថាពេលនេះស្រូវក្នុងស្រែកំពុងតែទុំហើយ ។

នៅពេលដែលទឹកទន្លេមេគង្គលិចជន់ ខែសីហា ខែវិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ហូរស្រោចស្រពបឹងបួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាប ដដែលពីជើងមកត្បូងវិញ ។ ទឹកជំនន់ទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពពីប្រទេសទីបេដ៏សែនឆ្ងាយ បានផ្តល់ដល់ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជាយើង ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ ទន្លេមេគង្គ និងបឹងបួរទាំងឡាយបានធ្វើឱ្យដីមានជីជាតិបង្ករបាននូវធនធានសម្បូរបែប។ ដំណាំទាំងឡាយដែលកសិករខ្មែរធ្វើតាមសង្វាក់នៃទឹកសម្រកបានផ្តល់នូវផលយ៉ាងច្រើនរាំងស្កាត់គ្រោះទុរភិក្ស ។ ដូច្នេះហើយបានជាដល់រដូវទឹកសម្រក បុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌មីខែកត្តិករៀងរាល់ឆ្នាំរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណចំពោះ ទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីជាតិយ៉ាងសំខាន់ បម្រើវិស័យកសិកម្ម ។

ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើអស់ថិរវេលា៣ថ្ងៃ គឺថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិកនៅតាមដងទន្លេសាប និងកំពង់ផែព្រះបរមរាជវាំង ។

ប្រភពពិធីបណ្តែតប្រទីប គម្ពីរទាថាវង្ស ភាសាបាលីចែងថា ៖
ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាននៅទីទាំង៤គឺ ៖
១-នៅត្រៃត្រឹង្សសួគ៌
២-នៅពិភពនាគ
៣-នៅស្រុកគន្ធា
៤-នៅទន្តបុរះ កលិង្គរដ្ឋ

ភាណវារៈបាលីត្រង់ពុទ្ធនមកស្ការគាថា ចែងថា ៖
ស្នាមព្រះបាទព្រះសម្មាសម្ពុទ្ធប្រតិស្ឋាន នៅទីទាំង៥គឺ ៖
១-នៅសុវណ្ណមាលិកបពត៌
២-នៅសុវណ្ណបពត៌
៣-នៅសុមនកូដបពត៌
៤-នៅយោនកបុរី
៥-នៅស្ទឹងនម្មទា

ពាក្យសរសើរព្រះបាទ យសបាទេ ទាំងបាលីទាំងសម្រាយចែងថា ៖
ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ឋាននៅទីទាំង៥ដូចក្នុងភាណវារៈដែរ ។ ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះបានជាពុទ្ធបរិស័ទ ខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីបនៅរាត្រីពេញបូណ៌មីខែអស្សុជ ក្រោយមកគេប្រារព្ធធ្វើពិធីបណ្តែតប្រទីប នៅរាត្រី១៤, ១៥, និង ១រោចខែកត្តិកបូជាចំពោះព្រះចង្កូមកែវនៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទី ឯទៀតៗដូចពោលខាងលើ ដោយជឿថា ជាកុសលយ៉ាងធំបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើន រុងរឿងដល់ខ្លួន ដល់រាស្ត្រ និងដល់ប្រទេសជាតិ ។
ប្រភពពិធីបុណ្យសំពះព្រះខែ អកអំបុក តាមគម្ពីរបរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាលីចែងថា ៖

ក្នុងដើមភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើងទ្រង់យោងយកកំណើតជាសសបណ្ឌិត កំណើតជាទន្សាយ ថ្ងៃមួយខែពេញបូណ៌មី សសបណ្ឌិត បានអធិដ្ឋានឧបោសថសីលហើយឧទ្ទិសសមំសៈជាទានបរមត្តបារមីដើម្បីបំពេញ ពោធិសម្ភារឱ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទបានទ្រង់ជ្រាបពីហេតុការណ៍នោះក៏ទ្រង់កាឡាព្រះអង្គជាព្រាហ្មណ៍ចាស់មកសុំមំសា សសបណ្ឌិតជាអាហារ ។ សសបណ្ឌិតពោធិសត្វបានឱ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិត ក៏រលាស់ខ្លួនបីដងដើម្បីឱ្យសត្វល្អិតដែលជាប់នឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។ អស្ចារ្យភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍ ក៏ស្ទុះទៅពព្រះ ពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍ អធិដ្ឋានថា«សូមឱ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ទីបំផុតកប្ប» ។ ដោយអានុភាពទានបរមត្តបារមីនៃ ព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃ ។ដោយមានជំនឿតាមរយៈរឿងនេះហើយ បានជានៅវេលារាត្រីពេញបូណ៌មីខែកត្តិករៀងរាល់ឆ្នាំខ្មែរយើងយកនំចំណី មានអំបុក ចេក ជាដើមមកបូជាព្រះចន្ទហៅថាពិធីបុណ្យសំពះព្រះខែ អកអំបុក ៕

water-2

Facebook Comments
Loading...