កាលពីវេលាម៉ោង១៩:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចជាប់ផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាចោរលួចកាច់ ក ម៉ូតូ។ ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួន ឈ្មោះ យ៉ាន់ ម៉េងឈាង ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស សេរីឆ្នាំ២០១៣ ស្លាកលេខ1FQ-2453 ជារបស់ជនរងគ្រោះ ឈ្មោះ ឡៃ ទិត្យសាត ភេទប្រុស អាយុ ៣៧ឆ្នាំ។
រឿងហេតុដំបូង ជនរងគ្រោះបានជិះម៉ូតូត្រលប់មកពីទិញបាយនៅផ្សារវិញ ដោយចតម៉ូតូទុកនៅមុខផ្ទះ ហើយបានដើរចូលក្នុងផ្ទះ ខណៈពេលដែលជនរងគ្រោះនៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យខាងលើ បានចូលលួចកាច់ ក ម៉ូតូ របស់ជនរងគ្រោះ តែត្រូវប្រជាពលរដ្ឋឃើញបានស្រែកឆោរឡោថា ចោរៗ ភ្លាមនោះជនសង្ស័យ ខាងលើ បានព្យាយាមជិះម៉ូតូរត់គេចខ្លួន តែជាសំណាងមិនល្អរបស់ លោកចោរ ខាងលើ ដោយម៉ូតូ ជាប់សោរចាក់ហ្រាំង ជិះទៅមុខមិនរួច ក៏ត្រូវប្រជាពលរដ្ឋចោមរោមព័ន្ធ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ ដើម្បីធ្វើការឃាត់ខ្លួនតែម្តង។
បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ដំបូងឡើយបក្សពួកខ្លួនឈ្មោះ តឿ បានទូរស័ព្ទមកខ្លួន ដោយណាត់ជួបគ្នានៅខាងត្បូងវត្ថអង្គតាមិញ ហើយបានប្រាប់ខ្លួនថា ឲ្យទៅយកម៉ូតូ ០១គ្រឿង តែមិនបានប្រាប់ថាទៅយកនៅកន្លែងណាទេ បន្ទាប់មកឈ្មោះ តឿ ក៏បានឌុបរូបខ្លួន ទៅម្តុំខាងលិចផ្សារផ្លាហ្សា ហើយបានឈប់នៅទីនោះ។ បន្ទាប់មកឈ្មោះ តឿ បានឲ្យរូបខ្លួនចូលទៅលួចម៉តូ របស់ជនរងគ្រោះខាងលើ ដោយប្រាប់ថា រូបគេបានកាច់ ក រួចហើយ ពេលនោះរូបខ្លួនបានចូលទៅ ជិះម៉ូតូនោះចេញ តែដោយសារម៉ូតូចាក់សោរហ្រាំងជាប់ បណ្តាលឲ្យរូបខ្លួនដូលម៉ូតូ ក៏ត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចអាវុធហត្ថ ចំណែក ឈ្មោះ តឿ ឃើញសកម្មភាពបែបនោះ បានរត់គេចខ្លួនបាត់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ #PhnomPenhGRK