របាំងព្រួលស្បៃមុងជាង១ម៉ឺនម៉ែត្រលូស្បៃមុង២ពាន់មាត់ត្រូវបានកាត់បំផ្លាញនិងដុតចោល!!

0
23196

កណ្ដាល: របាំងព្រួលស្បៃមុងជាង១ម៉ឺនម៉ែត្រ លូស្បៃមុង២ពាន់មាត់ បង្គោលតូចធំជាង៦ពាន់ដើមត្រូវបានកាត់បំផ្លាញនិងដុតចោលខណៈកូនត្រីចម្រុះជាង២០០គីឡូក្រាមត្រូវបានចាក់លែងចូលបឹងធម្មជាតិវិញ។
លោក ម៉ៅដារ៉ាអភិបាលរងស្រុកស្អាងដែលដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅតាមបណ្តារបឹងនៅក្នុងស្រុកស្អាងខេត្តកណ្ដាល បានមានប្រសាសន៍ថា នេះជាលើទី៤ហើយដែលយើងបានធ្វើការចុះបង្ក្រាប តាំងពីរដូវបិទនេសាទមកហើយក្នុងថ្ងៃទី១៩តុលា២០១៧នេះ លោកបានដឹកនាំកម្លាំងចម្រុះចំនួន១៨នាក់ រូមមានមន្ត្រីសាលាស្រុក មន្ត្រីរដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថ ប្រើប្រាស់មធ្យោបាយកាណូតចំនួន៣គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំចំនួន២ក្នុងស្រុកស្អាងសម្រេចបាននូវលទ្ធផលដូចតទៅដោយបានចុះអនុវត្តនៅចំណុចអាងទឹកភូមិត្រៃត្រឹង និងចំណុចបឹងកូនជ្រែ ក្នុងភូមិកូនជ្រែឃុំព្រែកអំបិល ដោយបានកាត់និងដុតបំផ្លាញចោលនូវលូស្បៃមុងចំនួន១៣៥មាត់ របាំងព្រួលស្បៃមុងប្រវែង១០.៥០០ម៉ែត្រ បង្គោលតូច ធំ ចំនួន៥.២៥០ដើម ហើយចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន១៧០គីឡូក្រាម។ បន្ទាប់មកក៏បន្តទៅធ្វើការបង្ក្រាបនៅបឹងក្នុងភូមិអូរអណ្តូង និងភូមិគជាលទ្ធផលសម្រេចដុតកំទេចចោលឧបករណ៍នេសាទល្មើសច្បាប់បន្ថែម រួមមាន លូស្បៃមុងចំនួន៦៥មាត់ របាំងព្រួលស្បៃមុងប្រវែង១៩០០ម៉ែត្រ បង្គោលតូច ធំ ចំនួន៩០០ដើម និងចាក់ព្រលែងកូនត្រីគ្រប់ប្រភេទទៅក្នុងបឹងវិញចំនួន៥២គីឡូក្រាម។

ចំណែកលោក ឆន ចិន នាយសង្កាត់រដ្ឋបាលជលផលស្អាង បានប្រាប់ដែរថា មុននឹងឈានដល់ការចុះបង្ក្រាបជាបន្តបន្ទាប់នេះ មន្ត្រីរបស់យើងបានចុះអប់រំផ្សព្វផ្សាយជាច្រើនលើករួចមកហើយពោលតាំងពីមុនរដូវបិទនេសាទមកម្លេះ ហើយឧបករណ៍ល្មើសច្បាប់ដែលកំពុងប្រឈមនិងកើតមានជាហូរហែរនេះគឺរបាំងព្រួលស្បៃមុង និងលូស្បៃមុង នេះតែម្តង។ លោកបានបន្តថា ការប្រើឧបករណ៍ស្បៃមុងនេះចាប់ត្រីគឺបំផ្លាញមច្ឆាជាតិខ្លាំងណាស់ព្រោះមិនថាត្រីតូចប៉ុណ្ណោះនោះទេគឺជាប់ទាំងអស់ដែលវានាំឱ្យវិនាសហិនហោចដល់មច្ឆាជាតិ ហើយសូមបងប្អូនទាំងអស់មេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហា មឃាត់ដើម្បីចាប់ត្រី ពិសេសរបាំងព្រួលស្បៃមុង លូស្បែមុង និងការឆក់ត្រី ដែលវាបង្កវិនាសកម្មដល់វិស័យជលផលរបស់យើង។ លោកតេងលីរស់នៅភូមិអំពិលពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល បាននិយាយថា ពួកគាត់ពិតជាសាទរនឹងចំណាត់ការចុះបង្ក្រាបបទល្មើសនេះណាស់ហើយក៏សំណូមពរឱ្យបន្តការបង្ក្រាបនេះបន្តទៀតដើម្បីឱ្យអស់បទល្មើស បើមិនដូច្នេះទេ គឺត្រីវិនាសហិនហោចអស់ហើយបើយើងនាំគ្នាឈប់ប្រព្រឹត្តិអំពើរល្មើសច្បាប់ និងធ្វើការទប់ស្កាត់ឱ្យបាននិងប្រកបដោយតម្លាភាពនោះត្រីធម្មជាតិរបស់យើងនឹងមានការកើនឡើងវិញជាក់ជាមិនខានឡើយ៕ ដោយសុភក្ត័

IMG-20171020-WA0064

IMG-20171020-WA0065

IMG-20171020-WA0067

IMG-20171020-WA0068

Facebook Comments
Loading...