លោកសុខ សម្បត្តិ ! កន្លងមកយើងធ្វើបានល្អហើយ ហើយត្រូវពង្រឹ​ងកិច្ចការងារសន្តិសុខនេះបន្ថែមទៀតដើម្បីភូមិសង្កាត់មានសុវត្ថិភាព

0
156

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលោកទី៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកសុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា កន្លងមកយើងធ្វើបានល្អហើយ ក្នុងការពង្រឹងកិច្ចការងារសន្តិសុខក្នុងមូលដ្ឋាន ហើយដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតនោះ គណះបញ្ជាការឯកភាពថ្នាក់រដ្ឋបាលសង្កាត់ទាំង៧ គឺត្រូវមានក្រុមទទួលវេនប្រចាំបញ្ជារជាប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ការឆ្លើយតបជាមួយថ្នាក់ខណ្ឌ ក្នុងករណីមានសភាពការបន្ទាន់ណាមួយកើតឡើង។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា ពិតណាស់ថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ ព្រោះអំពើអសន្តិសុខនានាអាចកើតមានបានគ្រប់ពេលវេលា ដែលបង្កឡើងដោយក្រុមជនមានចេតនាបង្កភាពវឹកវរដល់សង្គមជាតិ។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានណែនាំ ឱ្យមន្ត្រីក្រោមឱ្យវាទ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង ,បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍ លួច , ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាន។

លោកអភិបាលខណ្ឌបានបន្ថែមថា ក្នុងនោះផងដែរយើងក៍ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានលើជនបរទេសដែលកំពុងស្នាក់នៅតាមខុនដូរ ឬសណ្ឋាគារ ដោយចាំបាច់ត្រូវសហការជាមួយម្ចាស់ទីតាំងអាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ កំណត់បានថា ជនបរទេសទាំងនោះ ជាបុគ្គលចូលមកកម្ពុជាស្របច្បាប់ ជៀសវៀងក្រុមឧក្រិដ្ឋជនខ្លះបានយកកម្ពុជាជាទីកន្លែងជ្រកកោន ហើយប្រព្រឹត្តិសកម្មភាពបទល្មើសធំៗដូចជា ការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេស , អំពើចាប់ជំរិតទារប្រាក់ និងការប៉ងបង្កភារវកម្មផ្សេងៗជាដើម .ល .។

ជាចុងក្រោយលោកសុខ សម្បត្តិ បាននែនាំដល់គណះបញ្ជាការឯកភាពថ្នាក់រដ្ឋបាលសង្កាត់៧ គឺត្រូវមានក្រុមទទួលវេនប្រចាំបញ្ជារជាប្រចាំថ្ងៃ ដោយមិនកំណត់ចាំបាច់ទាល់តែចៅសង្កាត់ជាអ្នកដឹកនាំវេនរហូតនោះទេ ពោ​លគឺត្រូវបង្កើតក្រុម ដើម្បីទទួលខុសត្រូវ និងម្ចាស់ការលើការងារនេះឱ្យបានទៀតទាត់ដើម្បីត្រៀមសម្រាប់ការឆ្លងតបជាមួយថ្នាក់ខណ្ឌ ក្នុងករណីមានសភាពការបន្ទាន់ណាមួយកើតឡើង។ ដោយការត្រៀមនោះទៀតសោត បើអាចត្រូវឆែកឆេររទេះ ឬរឺម៉ក់រើសអែតចាយ ដែលពួកនេះធ្លាប់បានធ្វើសកម្មភាពលួចយកដែកគម្របលូ ឬកាត់យកខ្សែភ្លើងជាដើម ដែលសកម្មភាពទាំងនេះមិនត្រូវឲ្យកើតមានក្នុងទឹកដីខណ្ឌបឹងកេងកងរបស់យើងនោះទេ។

ក្នុងនោះផងដែរលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ។ ជាមួយនេះ សូមបន្ដ យកចិត្តទុកដាក់ លើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ ពិសេសគឺក្នុងឱកាស បុណ្យជាតិធំៗនាពេលខាងមុខ៕

Facebook Comments
Loading...