ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធស្ថិតនៅក្នុងភូមិព្រៃពង្រ និងភូមិវែង នៃសង្កាត់ពញ្ញាពន់

0
63

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២៤ នេះ នៅសាលាសង្កាត់ពញ្ញាពន់ បានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិព្រៃពង្រ និងភូមិវែង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកពឹង រតន: អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មរាជធានីភ្នំពេញ លោកឌិត និមល អភិបាលរងខណ្ឌព្រែកព្នៅ លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទ ព្រមទាំងមន្ត្រីសង្កាត់ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោកឌិត និមល អភិបាលរងខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានច្បាស់លា​ស់ មានប្រសិទ្ធិភាព និងមានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពលើដីធ្លី។ ប្រការនេះ គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិ ប្រកបដោយចិរភាព និងសុខដុមរមនា។

ចំណែកលោកពឹង រតន: បានឲ្យដឹងថា ការបិទផ្សាយទិន្នន័យក្បាលដី ដែលទើបចុះបញ្ជី នាពេលនេះ ក្នុងគោលដៅឲ្យបងប្អូនម្ចាស់ដីទាំងអស់ មកពិនិត្យមើលឈ្មោះម្ចាស់ ដី អក្ខរាវិរុទ្ធ ប្រភេទទ្រព្យ និងទំហ៊ុំដី។ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋណាមិនយល់ ឬសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធ និងក្បាលដីរបស់ខ្លួន បងប្អូនមានសិទ្ធិ សុំឲ្យមន្ត្រីជំនាញពន្យល់ បំភ្លឺ ខ្លឹមសារ ទិន្នន័យក្បាលដី ផ្តល់ដំណឹងដល់គណៈកម្មាការរដ្ឋបាល នូវរាល់ការជំទាស់របស់ខ្លួន ដើម្បីពិនិត្យនិងធ្វើការកែតំរូវ។

លោកបញ្ជាក់ថា ការបិទផ្សាយនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា នេះតទៅ ដោយមិនគិតថ្ងៃសៅ ថ្ងៃអាទិត្យ ឬបុណ្យទានឡើយ។ ហើយផុតរយៈពេលកំណត់ នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងធ្វើការបូកសរុប លើទិន្នន័យទាំងនោះ ហើយលើកសំណើផ្តល់សិទ្ឋិលើអចលនវត្ថុ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ ) ជូនអ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់៕

 

Facebook Comments
Loading...