ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងទាំងព្រឹកព្រលឹមសង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតសម្ភារៈខាងក្នុងស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យចេញរថយន្តមកអន្តរាគមន៍បាញ់ពន្លត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ២០៥ កែងផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងលាយឡំអណ្ដាតភ្លើង ភ្លាមៗមានប្រជាពលរដ្ឋបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារមានផ្សែងច្រើន លាយឡំនឹងអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ហើយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ជៀសវាងបង្កការរាលដាល។
ក្នុងប្រតិបត្តិការបាញ់ពន្លត់ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿង ដើម្បីពន្លត់ទប់ស្កាត់មិនឲ្យមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត៕