លោក សុខ សម្បត្តិ ! ក្មួយៗ សិស្សានុ សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រកុំភ្លេចខ្លួន ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន

0
197

ភ្នំពេញ ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១ខែវិច្ឆិកានេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្មួយៗ សិស្សានុ សិស្ស ទាំងអស់ ត្រូវខិតខំរៀនសូត្រកុំភ្លេចខ្លួន ប្រឹងប្រែងក្រេបយកចំណេះវិជ្ជា គឺត្រូវ ស្ដាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូដែលខិតខំអប់រំបង្ហាត់បង្ហាញ និង ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោក អភិបាលខណ្ឌ បានបញ្ជាក់ថា យុវវ័យគឺជាវ័យស្វែងរកចំណេះវិជ្ជា ដូចនេះក្មួយៗ មិនត្រូវ គេចសាលា ឬទៅប្រព្រឹត្តអំពើអបាយ មុខផ្សេងៗនោះឡើយ ដូចជាការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង ភ្លេចការរៀនសូត្រ។ ការសេពគ្រឿងញៀន ការចូលរួមក្នុងក្រុមបងតូចបងធំ គឺគ្មានទទួលបានផលប្រយោជន៍អ្វីឡើយ គឺមានតែ ធ្វើឲ្យខាតបង់ ពេលវេលា ប្រាក់កាស សុខភាព និងកិត្តិយស ដល់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិថែមទៀតផង។

លោក សុខ សម្បត្តិ បានលើកឡើងទៀតថា មានមុំ៣ដែលធ្វើឲ្យការសិក្សាទទួលបានជោគ​ជ័យ ទី១គឺខ្លួនឯង ទី២គឺគ្រូ និងទី៣គឺអាណាព្យាបាល ។ដូចនេះលោកបាន សំណូមពរដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមទាំង អស់គ្នា រឹតបន្តឹងទាំងការបង្រៀន និង ការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឲ្យសិស្សា​នុសិស្សទាំងអស់ ខំប្រឹងរៀនសូត្រ មានចំណេះដឹង ពិតប្រាកដ ក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត។ ដោយឡែក សម្រាប់ មាតា បិតា អាណាព្យាបាលសិស្ស ក៏ត្រូវរួមចំណែកក្នុងការតាមដានកូនចៅរបស់ខ្លួនឲ្យបានជាប់លាប់ ដើម្បីតម្រង់ទិសឲ្យពួកគេដើរលើផ្លូវត្រូវ ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បាននាំយកថវិកា របស់សាលាខណ្ឌ ចំនួន១លានរៀន ឧបត្ថម្ភដល់វិទ្យាល័យទួលស្វាយព្រៃ ផងដែរ។

សូមជម្រាបជូនថា នៅកម្មវិធី បើកបវេសនកាលឆ្នាំសិក្សា២០២៤ – ២០២៥ នេះ គណៈអភិបាលខណ្ឌ និង ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានចាត់តំណាង ទៅចូលរួមតាមគ្រឹស្ថានសិក្សាសាធារណៈ របស់រដ្ឋ ទាំង១១ ដែលមាន នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដើម្បីជាការផ្សារភ្ជាប់រវាង អាជ្ញាធរ និងសាលារៀន ក៏ដូចជាការ លើកទឹកចិត្ត និងស្វែងយល់ពីសុខទុក្ខរបស់ក្មួយៗសិស្សានុសិស្សនៅតាមសាលានិមួយៗផងដែរ៕   

Facebook Comments
Loading...