ភ្នំពេញ ៖ កីឡាករ ពេជ្រ ខាំតៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ បានរងរបួសបាក់ជើង ខណៈកំពុងរត់ហ្វឹកហាត់តាមផ្លូវ ចំណែកនារីម្នាក់ទៀតកំពង់ជិះម៉ូតូរងរបួសធ្ងន់ ដែលបណ្តាលមកពីកុងតឺន័រ១គ្រឿង បើកបរល្បឿនលឿនវាក់អើជាមួយម៉ូតូកង់បី១ គ្រឿង នៅខាងមុខ រួចរថយន្តនេះ ជាន់ហ្រ្វាំងបន្ថយល្បឿន តែអត់ស៊ី ក៏គេចចេញមកខាងឆ្វេង បន្តបុកបង្គោលភ្លើង១ដើម ដោយមិនទានអស់ល្បឿនក៍បន្តទៅបុកចូលកន្លែងលក់មាន់បង្វិល បង្កការខូចខាតខ្ទេចខ្ទី ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-6490 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នេះមានជនរងគ្រោះចំនួន២នាក់ គឺ ទី១,ឈ្មោះ ហាន ដាណែត ភេទស្រី អាយុ ១៨ ឆ្នាំ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1O-5008។ ទី២,ឈ្មោះ ផាន់ ខាំឡៃ ជាសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
ចំណែកសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបើកបរតាមបណ្ដោយផ្លូវលេខ ៣០ ម៉ែត្រ ក្នុងល្បឿនលឿនពីទិសខាងកើតឆ្ពោះទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់អើជាមួយម៉ូតូកង់បី ១ គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ខណៈនោះរថយន្តបង្កបានជាន់ហ្វ្រាំងបន្ថយល្បឿន ប៉ុន្តែជាន់អត់ស៊ី ក៏កាច់ចង្កូតគេចចេញទៅខាងឆ្វេង បុកនារីអ្នកជិះម៉ូតូម្នាក់ រួចបន្តទៅបុកកីឡាប្រដាល់ម្នាក់ទៀតជាកូនសិស្សលោកគ្រូ ពេជ្រ សុផាន់ កំពុងរត់ហាត់តាមផ្លូវ បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ រងរបួសធ្ងន់តែម្តង ហើយភ្លាមៗក៍ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់កន្លែងកើតហេតុសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕