ការិយាល័យរៀបចំដែនដីខណ្ឌព្រែកព្នៅ សុំឲ្យប្រជាពលរដ្ឋនៅសង្កាត់សំរោង ត្រៀមឯកសារពាក់ព័ន្ធដីធ្លីរបស់ខ្លួនដើម្បីចុះបញ្ជីលក្ខណៈជាប្រព័ន្ធ

0
210

ភ្នំពេញ ៖ ក្នុងឱកាសប្រជុំផ្សព្វផ្សាយ ប្រកាសតំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានថ្លែងថា ក្រុមការងារបច្ចេកទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធតាមភូមិទាំង៤ នៃសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី១២ ខែសីហា នេះតទៅដោយចាប់ផ្ដើមពីភូមិសំរោងត្បូងមុនគេ។

លោកស៊ូ ស៊ីវុត្ថា បន្តថា មេភូមិទាំងបួនសហកាជាមួយមន្ត្រីភូមិបាលយើងឲ្យបានល្អ បើមាមទំនាស់យកមកដាក់លើតុជជែកគ្នា ដោយកំណត់អោយបានច្បាស់លាស់ព្រំដីជាប់គ្នា និងដីរបស់រដ្ឋ ផ្សព្វផ្សាយប្រជាពលរដ្ឋដែលនៅឆ្ងាយមានដីក្នុងសង្កាត់ឲ្យយកឯកសារពាក់ពាន់ដើម្បីចុះបញ្ជី ហើយសម្រមសម្រួលជាមុនអោយរួចរាល់ដីមានវិវាទ និងដីមិនមានវិវាទ ដីជាប់ព្រំគ្នា ដើម្បីចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅឲ្យរួចរាល់ក្នុងឆ្នាំ២០២៤នេះ អរគុណសន្តិភាព អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកលោក ពឹង រតនៈ អនុប្រ​ធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល គឺការកំណត់តំបន់វិនិច្ឆ័យ ការបើកវគ្គបណ្ដុះបណ្ដាល ការចុះវាស់វែងស្រង់ទិន្នន័យក្បាលដី ការបិទផ្សាយជាសាធារណៈ នូវទិន្នន័យនៃការចុះបញ្ជីដីក្នុងតំបន់វិនិច្ឆ័យ និងការចែកវិញ្ញា​បនបត្រសំគាល់ម្ចាស់អចលនវត្ថុ។ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញដែលចាប់ដំណើ ការតាំងពីឆ្នាំ២០០៣មកនោះ។

លោកបន្តថា ការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬក្រុមវាល នឹងចុះទៅស្រង់ទិន្នន័​យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី​និងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់និងមេភូមិ។ ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន រៀបចំព្រំដីដោយបោះបង្គោលព្រំ និងមានការឯកភាពពីម្ចាស់ដីជាប់ព្រំគ្នាព្រមទាំងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ និងត្រៀមខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។

រីឯលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ដីមានសារសំខាន់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូន សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរ៕

Facebook Comments
Loading...