លោក សុខ សម្បត្តិ បានណែនាំដល់កម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខ ក្នុងមូលដ្ឋាន

0
169

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ កាលពីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង បានណែនាំដល់ គណៈបញ្ជាការឯកភាពសង្កាត់ទាំង៧ អធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខ ក្នុងមូលដ្ឋាន ដោយធ្វើការទប់ស្កាត់និងបង្ក្រាប ឲ្យបានបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាចោរកម្ម ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

លោក ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបញ្ជាក់ថា ចំពោះក្មេងទំនើងដែលបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈត្រូវចាប់ឃាត់ឲ្យបានយកមកធ្វើកំណត់ហេតុហើយរក្សាទុកម៉ូតូរយៈពេល៣ខែទើបប្រគល់ ទៅឲ្យ ម្ចាស់វិញ ។ តែបើមិនរាងចាល ធ្វើការបង្ហោះជាលើកទី២ និងត្រូវឃាត់រក្សាម៉ូតូទុក រយៈពេល៦ខែ ។ លោក បានណែនាំឲ្យកងកម្លាំង ពិនិត្យមើលនៅតំបន់វិមានឯករាជ្យ ជុំវិញរបងវត្តលង្កា ដែលក្រុមក្មេងទំនើង តែងប្រមូលផ្ដុំគ្នាធ្វើសកម្មភាព សូមយកចិត្តទុកដាក់កុំឲ្យបញ្ហានេះកើតមានក្នុងមូលដ្ឋានរបស់យើង។

លោក  សុខ សម្បត្តិ បានលើកឡើងថា ប៉ុន្មានឆ្នាំនេះ ក្មេងទំនើងមានច្រើនណាស់ បើយើងមិនទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ វានឹងបង្កការលំបាកដល់សង្គម  តែក្រោយពី សម្ដេចមហាវរធិបតី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរ រាជធានី ខេត្ត ធ្វើការបង្រ្កាប គ្រប់កន្លែងនោះ ធ្វើឲ្យសកម្មភាព ក្មេងទំនើងមកទល់ពេលនេះ មានការថយចុះ តែមិនទាន់អស់១០០ភាគរយនោះទេ គឺទាមទារ ឲ្យយើងខិតខំប្រឹងប្រែងទាំងអស់គ្នា និង មានកិច្ចសហការរួមគ្នា បន្ថែមទៀត ដើម្បីរក្សាបាននូវសន្ដិសុខសុវត្ថិភាពល្អ ប្រជាពលរដ្ឋរស់នៅគ្មានការភ័យខ្លាច។ជាមួយនេះត្រូវពិនិត្យមើលការជក់ការលក់ដូរបារីអេឡិចត្រូនិកនៅតាមម៉ាត២៤ម៉ោងនិងម៉ាតចាក់សាំង សូមដាក់កម្លាំងបង្កប់តាមដានលើបញ្ហានេះបើឃើញមាន ត្រូវចាប់នៅគោលដៅនោះតែម្ដង។ដោយឡែកចំពោះអ្នកទទួលផលពីចោរកម្មសូមផ្សព្វផ្សាយទៅទីតាំង១ចំនួនដូចជាទីតាំង បញ្ចាំ លក់ទិញអេតចាយ សូមកុំទទួលផលចោរកម្មឲ្យសោះ ព្រោះអ្នកទទួលនិងអ្នកលួច មានទោសប្រហែលគ្នា។

លោក សុខ សម្បត្តិ បានបញ្ជាទៅនាករដ្ឋបាលខណ្ឌ ក្រោយពីពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោហើយ សូមរៀបចំក្រុមការងារ ដឹកនាំដោយ លោក អភិខណ្ឌ ផ្ទាល់ដើម្បី ចុះត្រួតពិនិត្យ តាមសាលារៀនពី បញ្ហាក្មេងទំនើងដែលមានសកម្មភាព ជាងគេ គួរឲ្យចាប់អារម្មណ៍ដើម្បីមានវិធានការទប់ស្កាត់ ។

លោក អភិបាលខណ្ឌ បានបញ្ជាក់ថា អធិការដ្ឋាននគរបាលខណ្ឌនិងកងរាជអាវុធហត្ថខណ្ឌត្រូវ ពិនិត្យ តាមដាន វាយតម្លៃ និង ចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ចំពោះបញ្ហាក្មេងទំនើង គ្រឿងញៀន ទោះជាមិនបានទាំងស្រុងក៏ឲ្យបានកាត់បន្ថយជាបណ្ដើរៗ។ជាមួយនេះ ត្រូវរបាយការមកខណ្ឌ ១សប្ដាហ៍ម្ដង ដើម្បី គណៈបញ្ជាការឯកភាពខណ្ឌបូកសរុបបញ្ជូនទៅគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕

Facebook Comments
Loading...